សហរដ្ឋអាមេរិក ជាម្ចាស់ជំនួយធំជាងគេ និងរួមចំណែកជួយកម្ពុជាដោះស្រាយបញ្ហាមីនអស់រយៈពេលជាង៣០ឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក បានចូលរួមចំណែកអស់រយៈពេលជាង៣០ឆ្នាំ និងក៏ជាម្ចាស់ជំនួយធំជាងគេរហូតដល់ជាង ២០០លានដុល្លារ សម្រាប់ប្រតិបត្តិការជាតិស៊ីម៉ាក់ក្នុងកិច្ចការសកម្មភាពមីនមនុស្សធម៌ជួយសង្គ្រោះអាយុជីវិត និងផ្តល់ដីប្រកបដោយសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជាបានយ៉ាងច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Ethan Rinks នាយកកម្មវិធីនៃការិយាល័យកាត់បន្ថយ និងរំសាយសព្វាវុធនៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងគណៈប្រតិភូ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្រ្ដីបានលើកឡើងថា កម្ពុជាបានកំណត់គោលដៅយ៉ាងច្បាស់ក្នុងការដោះស្រាយបញ្ចប់ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្ដីបានបន្តថា ចំពោះបញ្ហាប្រឈមបញ្ហាមីននាពេលបច្ចុប្បន្ន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានលក្ខណៈស្មុគស្មាញ និងត្រូវការពេលវេលានិងថវិកាយ៉ាងច្រើនក្នុងការដោះស្រាយ ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិក ដែលជួយគាំទ្រដល់ការបោសសម្អាតមីនតាមព្រំដែន និងឧបត្ថម្ភគាំទ្រដល់ជនភៀសសឹកផងដែរ។

ទេសរដ្ឋមន្ត្រី លី ធុជ ក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីននៅកម្ពុជា ក្នុងនោះក៏មានប្រទេសសហរដ្ឋអាមេរិក ក៏បានចូលរួមចំណែកអស់រយៈពេលជាង៣០ឆ្នាំ និងក៏ជាម្ចាស់ជំនួយធំជាងគេរហូតដល់ជាង ២០០លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការជាតិស៊ីម៉ាក់ក្នុងកិច្ចការសកម្មភាពមីនមនុស្សធម៌ជួយសង្គ្រោះអាយុជីវិត និងផ្តល់ដីប្រកបដោយសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជាបានយ៉ាងច្រើន។

លោកទេសរដ្ឋមន្ត្រី ក៏បានចាត់ទុកភាពជាដៃគូ និងការបន្តកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នឹងមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ គាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងសម្រេចបាននូវគោលដៅរួមនៃប្រទេសកម្ពុជាដែលមានសុវត្ថិភាព និងគ្មានមីន៕