ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៣ មីនា ពលរដ្ឋភៀសសឹកជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក១.៤៨៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៣ ខែមីនា ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។ ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុករាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ទន្ទឹមគ្នានឹងការបន្តយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែលនៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។

ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ បានជម្រាបជូនបច្ចុប្បន្នភាពសភាពការណ៍ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដូចខាងក្រោម៖

១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក១.៤៨៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៣៧.០៧៦នាក់ទៀត (ស្ត្រី១៩.២៤៥នាក់ និង កុមារ១២.៧៩៥នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។

២-ការបន្តផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន៨ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥ នៅបន្តផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន៧ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព២ នៅបន្តផ្អាក។

៣-ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជន ពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួងបានកត់ត្រាទុកនៅឡើយទេ។

ក្រសួងមហាផ្ទៃ ក៏បានប្រកាសគាំទ្រជំហរដោះស្រាយបញ្ហាព្រំដែន ដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល ដោយគោរព និងអនុវត្តយ៉ាង ម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដើម្បីអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បានធ្វើការងារឱ្យឆាប់បំផុត ដោយមិនរង់ចាំរហូតដល់ក្រោយពិធីបុណ្យចូលឆ្នាំថ្មីឡើយ៕