ដើម្បីបន្ធូរសម្ពាធនៃការកើនឡើងតម្លៃប្រេងឆៅ អាម៉េរិកសម្រេចផ្ដល់ភ្លើងបៃតងឲ្យប្រទេសផ្សេងអាចទិញប្រេង និងផលិតផលពីប្រេងរបស់រុស្ស៊ីក្នុងពេល៣០ថ្ងៃ ដើម្បីឲ្យទីផ្សារថាមពលពិភពលោកដែលរងផលប៉ះពាល់ដោយសង្គ្រាមអ៊ីរ៉ង់ មានស្ថិរភាពវិញ។

អាម៉េរិក បានចេញអាជ្ញាប័ណ្ណដែលមានសុពលភាព៣០ថ្ងៃសម្រាប់ប្រទេសនានាក្នុងការទិញប្រេង និងផលិតផលប្រេងកាតរបស់រុស្ស៊ីដែលកំពុងជាប់គាំងនៅលើសមុទ្រ។ ការលើកទណ្ឌកម្មលើប្រេងរុស្ស៊ីមួយពេលខ្លីនេះ ត្រូវបានដាក់ចេញមួយថ្ងៃបន្ទាប់ពីក្រសួងថាមពលអាម៉េរិកប្រកាសបញ្ចេញប្រេង១៧២លានបារ៉ែលពីឃ្លាំងបម្រុងយុទ្ធសាស្ត្រ សំដៅទប់ស្កាត់តម្លៃប្រេងដែលកើនឡើងខ្ពស់បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់។
តាមបណ្ដាញសង្គម X នៅថ្ងៃទី១២ ខែមីនា លោក Scott Bessent រដ្ឋមន្ត្រីរតនាគារអាម៉េរិកបញ្ជាក់ថា ការផ្ដល់អាជ្ញាបណ្ណទិញប្រេងរុស្ស៊ីនេះ ត្រូវបានគន់គូរច្បាសលាស់ ហើយរៀបចំឡើងសម្រាប់រយៈពេលខ្លីប៉ុណ្ណោះ និងមិនផ្ដល់ប្រយោជន៍ហិរញ្ញវត្ថុច្រើនដល់រុស្ស៊ីដែរ។ តែលោកក៏អះអាងវិញថា អ្វីដែលកើតឡើងដូចជាការរាំងស្ទះការផ្គត់ផ្គង់ប្រេងនៅពេលបច្ចុប្បន្ន នឹងផ្ដល់ប្រយោជន៍ធំនៅពេលក្រោយ។
លោកបានបញ្ជាក់បន្ថែមថា «ការកើនឡើងតម្លៃប្រេងបណ្ដោះអាសន្ន គឺមានរយពេលខ្លី និងជាការរំខានបណ្ដោះអាសន្ន ដែលនឹងផ្ដល់ផលប្រយោជន៍ធំធេងដល់ប្រទេស និងសេដ្ឋកិច្ចយើងនៅរយៈពេលវែង»។
បើតាមក្រសួងរតនាគារអាម៉េរិក អាជ្ញាបណ្ណខាងលើ គ្របដណ្ដប់ប្រេងកាត និងផលិតផលធ្វើពីប្រេងដែលមានលើកប៉ាល់ត្រឹមថ្ងៃទី១២ ខែមីនា និងមានសុពលភាពដល់ពាក់កណ្ដាលយប់ថ្ងៃទី១១ ខែមេសា ម៉ោងនៅវ៉ាស៊ីនតោន។ មុនការអនុញ្ញាតទូទៅនេះ អាម៉េរិកផ្ដល់ភ្លើងបៃតងឲ្យឥណ្ឌាមុនគេដើម្បីទិញប្រេងរុស្ស៊ីកាលពីថ្ងៃទី៥ ខែមីនា។
គូសបញ្ជាក់ថា ប្រេងរុស្ស៊ីប្រមាណ១២៣លានបារ៉ែល កំពុងជាប់គាំងលើសមុទ្រនៅតាមទីតាំង៣០។ បរិមាណនេះ អាចទ្រទ្រង់ការផ្គត់ផ្គង់៥ថ្ងៃទៅ៦ថ្ងៃ៕






