ក្រសួងកសិកម្ម ចាត់វិធានការបន្ទាន់ចំនួន២ ដើម្បីឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាកសិករ ដោយសារផលប៉ះពាល់សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់វិធានការអន្តរាគមន៍បន្ទាន់ចំនួន២ ដើម្បីឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាកសិករជុំវិញផលប៉ះពាល់នៃសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ាមកលើវិស័យកសិកម្ម ជាពិសេសការឡើងថ្លៃប្រេងឥន្ធនៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យនៃក្រសួងកសិកម្ម បានឱ្យដឹងនៅថ្ងៃទី១៥ ខែមីនានេះថា វិធានការអន្តរាគមន៍បន្ទាន់មាន៖

ទី១. ពាក់ព័ន្ធនឹងបញ្ហាប្រេងនិងឧស្ម័នឥន្ធនៈ៖ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីរួមគ្នាជួយធានាការផ្គត់ផ្គង់ប្រេងគាំទ្រដល់វិស័យកសិកម្ម។ ក្រសួងកសិកម្ម ក៏បានចេញសេចក្តីណែនាំដល់មន្ទីរកសិកម្មគ្រប់ខេត្តក្រុងទាំងអស់ ឱ្យតាមដានយកចិត្តទុកដាក់លើស្ថានភាពជាក់ស្តែងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន និងសហការជាមួយមន្ទីររ៉ែនិងថាមពល ក៏ដូចជាមន្ទីរពាណិជ្ជកម្ម ដើម្បីផ្តល់ការអន្តរាគមន៍ភ្លាមៗ បើមានការឡើងថ្លៃខុសប្រក្រតី ឬក៏មានការខ្វះខាតការផ្គត់ផ្គង់។

ទី២. ពាក់ព័ន្ធនឹងបញ្ហាជីកសិកម្ម៖ ក្រសួងបានជួបប្រជុំវាយតម្លៃជាមួយក្រុមហ៊ុននាំចូលនិងចែកចាយជីកសិកម្មធំៗមួយចំនួន ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រី និងបានវាយតម្លៃជាបឋមថា កម្ពុជានឹងមិនបញ្ហាខ្វះខាតជីកសិកម្មទេ ជាពិសេសសម្រាប់ប្រភេទជីអ៊ុយរ៉េដែលរងផលប៉ះពាល់ខ្លាំងជាងគេ តែអាចនឹងប្រឈមនឹងការកើនឡើងនៃថ្លៃបណ្តាលមកពីសម្ពាធទីផ្សារសកល។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងបានទទូចស្នើសុំឱ្យក្រុមហ៊ុនរក្សាតម្លៃក្នុងកម្រិតសមរម្យមួយ ដែលអាចទទួលយកបានសម្រាប់បងប្អូនប្រជាកសិករនារដូវដាំដុះខាងមុខនេះ៕