លោក ត្រាំ ចង់ឲ្យចិន និងអង្គការណាតូ ជួយសហការបើកច្រកសមុទ្រ Hormuz ឡើងវិញ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ឲ្យអង្គារណាតូ​ និងប្រទេសចិន គាំទ្រលើការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពីព្រោះលោកជឿជាក់ថាពួកគេទាំងពីរនេះ គឺពឹងផ្អែកលើប្រេងពីប្រទេសក្នុងតំបន់ឈូងសមុទ្រ ច្រើនជាងសហរដ្ឋអាមេរិកទៅទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសមួយ កាលពីថ្ងៃទី១៥ ខែមីនា ប្រធានាធិបតីអាមេរិក លោក ត្រាំ បាននិយាយថា លោករំពឹងថាអឺរ៉ុបនឹងជួយដោះស្រាយស្ថានការណ៍នៅក្នុងច្រកសមុទ្រ Hormuz ដូចដែលសហរដ្ឋអាមេរិកបានគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ីដែរ។

ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោក ត្រូវបានរារាំងដោយអ៊ីរ៉ង់ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបណ្តាលឲ្យតម្លៃថាមពលសកលកើនឡើងយ៉ាងខ្លាំង។

ប្រធានាធិបតីអាមេរិករូបនេះ​ បាននិយាយទៀតថា ៖”ប្រសិនបើយើងមិនឆ្លើយតប ឬឆ្លើយតបក្នុងលក្ខណៈអវិជ្ជមានទេ ខ្ញុំគិតថាវានឹងកាន់តែអាក្រក់ខ្លាំងណាស់សម្រាប់អនាគតរបស់ NATO”។

មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានសម្តែងក្តីសង្ឃឹមផងដែរថា ប្រទេសចិននឹងជួយបន្ធូរបន្ថយភាពជាប់គាំងនៅក្នុងច្រកសមុទ្រនេះ មុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងដែលនឹងត្រូវរៀបចំធ្វើឡើងនៅចុងខែ ដើម្បីជួបជាមួយប្រធានាធិបតី លោក ស៊ី ជីនពីង។

លោក ត្រាំ ក៏បានកត់សម្គាល់ថា បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសអឺរ៉ុបជាច្រើនពឹងផ្អែកលើប្រេងពីតំបន់ឈូងសមុទ្រច្រើនជាង។ លោកបានសង្កត់ធ្ងន់ទៀតថា វាជារឿងសមហេតុផលណាស់សម្រាប់ប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីផ្លូវដឹកជញ្ជូននេះ ក្នុងការចូលរួមកម្លាំងដើម្បីធានាបានថាគ្មានអ្វីកាន់តែអាក្រក់ កើតឡើងនៅទីនោះទៀត៕​