រដ្ឋាភិបាលឡាវ ចេញវិធានការបន្ទាន់ឱ្យមន្រ្តីតាមក្រសួងផ្លាស់ប្តូតវេនគ្នាធ្វើការ និងជំរុញការប្រើរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយប្រេងឥន្ធនៈ

អន្តរជាតិ

(ក្រុងវៀងច័ន្ទ)៖ នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) បានចេញបទបញ្ជាបន្ទាន់មួយ កាលពីថ្ងៃទី១៣ ខែមីនានេះ ដោយតម្រូវឱ្យបណ្តាក្រសួង និងស្ថាប័នរដ្ឋទាំងអស់កាត់បន្ថយការប្រជុំដោយផ្ទាល់ ណែនាំឱ្យអនុវត្តការផ្លាស់ប្តូរវេនការងារ និងចាប់ផ្តើមផ្លាស់ប្តូរការប្រើប្រាស់រថយន្តរដ្ឋមករថយន្តអគ្គិសនី (EV) វិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទបញ្ជានេះគឺជាវិធានការឆ្លើយតបដ៏សំខាន់បំផុតរបស់រដ្ឋាភិបាលឡាវ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេស ខណៈដែលវិបត្តិនៅតំបន់មជ្ឈិមបូព៌ាកំពុងបន្តដាក់សម្ពាធលើការផ្គត់ផ្គង់ និងធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់។ យោងតាមភ្នាក់ងារសារព័ត៌មានឡាវ វិធានការនេះមានបំណងកសាងសន្តិសុខថាមពលក្នុងរយៈពេលវែង និងកាត់បន្ថយការចំណាយថវិកាជាតិលើការនាំចូលប្រេងក្នុងអំឡុងពេលដ៏លំបាកនេះ។

យោងតាមទិន្នន័យពី Global Petrol Prices តម្លៃប្រេងម៉ាស៊ូតនៅក្នុងប្រទេសឡាវបានហក់ឡើងជិត ៥០ ភាគរយ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ (ចន្លោះថ្ងៃទី៤ ដល់ទី១០ ខែមីនា) ពោលគឺឡើងពី ២១,៩៣០ គីប (ប្រហែល ៤,១០០ រៀល) ដល់ ៣២,៨៦០ គីប (ប្រហែល ៦,២០០ រៀល) ក្នុងមួយលីត្រ។ ខណៈដែលប្រេងសាំងប្រភេទពិសេសបានជាប់ចំណាត់ថ្នាក់ជាប្រភេទប្រេងដែលមានសន្ទុះឡើងថ្លៃខ្ពស់បំផុតលំដាប់ទី២ នៅលើពិភពលោកក្នុងអំឡុងពេលដូចគ្នា។

ទោះបីជាមានការសម្រួលតម្លៃចុះបន្តិចវិញកាលពីថ្ងៃទី១២ ខែមីនា ដោយបញ្ចុះមកត្រឹម ៣១,៥៦០ គីប (ប្រហែល ៥,៩០០ រៀល) ក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូតក៏ដោយ ក៏តម្លៃនេះនៅតែមានកម្រិតខ្ពស់ខ្លាំង ដែលបង្កឱ្យមានការព្រួយបារម្ភដល់សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលឡាវក៏បានណែនាំឱ្យមានការត្រួតពិនិត្យការស្តុកទុកប្រេងនៅតាមស្ថានីយទូទាំងប្រទេស ដើម្បីបង្ការការបន្លំលក់ក្នុងតម្លៃខ្ពស់ ឬការលាក់ទុកប្រេងដែលនាំឱ្យមានការភ័យស្លន់ស្លោដល់ពលរដ្ឋ៕