(ភ្នំពេញ)៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. នៅថ្ងៃទី១៦ ខែមីនានេះ បានរៀបចំពិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេស ដែលផ្តល់ជូនដោយក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា សម្រាប់រួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

ថ្លែងក្នុងឱកាសនោះ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប.បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្តល់សម្ភារសម្រាប់បម្រើឱ្យប្រតិបត្តិបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ការគាំទ្រនេះ ជាសក្ខីភាពមួយបង្ហាញពីមិត្តភាពដែកថែបរវាងប្រទេសទាំងពីរកម្ពុជា-ចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
លោកសន្តិបណ្ឌិតបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការក្តៅជាបន្តបន្ទាប់ ដើម្បីបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីកម្ពុជា។ ជាក់ស្តែង ខណៈយុទ្ធនាការបង្រ្កាប បោសសម្អាតការឆបោកអនឡាញកំពុងបន្តនៅទូទាំងប្រទេស សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តកាលពីចុងសប្តាហ៍កន្លងមកនេះ និងកំពុងបន្តនីតិវិធី នឹងក្លាយជាមូលដ្ឋានច្បាប់ដ៏រឹងមាំក្នុងការទប់ស្កាត់ បង្ក្រាប និងបោសសម្អាតពីកម្ពុជា។
លោកបានគូសបញ្ជាក់ដូច្នេះថា «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាតំបន់ និងសកលលោកមានលក្ខណៈស្មុគស្មាញប្រទាក់ក្រឡា ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មនេះក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខ» ។ ក្នុងន័យនេះសមត្ថកិច្ចកម្ពុជា-ចិន បាននិងកំពុងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនានា ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយទទួលបានលទ្ធផលល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ទាំងមូល» ។
ក្នុងឱកាសនោះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់សម្ភារៈបច្ចេកទេស របស់ក្រសួងសន្តិសុខសាធារណៈចិន ជូនដល់ភាគីកម្ពុជានេះ នឹងជួយគាំទ្រដល់ដល់ប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជោគជ័យ។
លោកបានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាពិសេសក្រោយការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចកម្ពុជា ពិសេសប្រតិបត្តិការក្នុងបណ្តារាជធានី-ខេត្តទូទាំងប្រទេសបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដោយបានចុះត្រួតពិនិត្យ និងបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកតាមកន្លែងគោលដៅជាច្រើន។ ជាលទ្ធផល បានកម្ទេចគោលដៅបង្កប់បទល្មើសជាច្រើនកន្លែង និងចាប់ខ្លួនជនសង្ស័យជាច្រើននាក់។
លោកបន្តថា កម្ពុជា-ចិនជា “មិត្តដែកថែប” តែងតែជួយគ្នាទៅវិញទៅមក។ កន្លងមកនេះ ភាគីចិនបាន បញ្ជូនយន្តហោះមកទទួលយកជនជាតិចិនដែលពាក់ព័ន្ធនឹងបទល្មើសឆបោកឱ្យត្រឡប់ទៅប្រទេសចិនវិញ។ ការផ្តល់ជំនួយសម្ភារៈនាពេលនេះ គឺជាភស្តុតាងមួយទៀតនៃការអនុវត្តតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋចិន ស៊ី ជិនភីង កាលពីខែមេសា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រួមគ្នា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
លោកវ៉ាង វិនពីនបានបញ្ជាក់ថា ភាគីចិនមានឆន្ទៈបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការស៊ើបអង្កេតរួមគ្នាលើឧក្រិដ្ឋកម្មឆ្លងដែន គោលដៅរួមគឺដើម្បីលុបបំបាត់ “មហារីក” នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីការពារសុវត្ថិភាពប្រជាជន និងបង្កើតបរិយាកាសល្អសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ៕











