ធនាគារចំនួនពីរ របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ មានទ្រព្យសកម្មជាង ១០ពាន់លានដុល្លារ ប្រកាសធានាទំនុកចិត្តក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន កាណាឌីយ៉ា អុីនវេសមិន ហូលឌីង ភីអិលស៊ី (Canadia Investment Holding) ដែលមានលោកអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា ធនាគារ​ចំនួនពីរ ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន មានទ្រព្យសកម្មជាង ១០ពាន់លានដុល្លារ ដែលធានាបាននូវទំនុកចិត្តក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គម ក្រុមហ៊ុនបានបញ្ជាក់ថា ជាងបីទសវត្សរ៍នៃឧត្តមភាពផ្នែកហិរញ្ញវត្ថុ ភាពជឿជាក់ និងទំនុកចិត្ត ក្រុមហ៊ុន កាណាឌីយ៉ា អុីនវេសមិន ហូលឌីង ភីអិលស៊ី តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន រួមមានធនាគារ កាណាឌីយ៉ា និងធនាគារប្រៃសណីយ៍កម្ពុជា បានបន្តអភិវឌ្ឍ និងថែរក្សាកេរ្តិ៍ឈ្មោះដ៏រឹងមាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពជឿជាក់ និងទំនុកចិត្តខ្ពស់នៅក្នុងវិស័យធនាគារនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងទ្រព្យសកម្មសរុបលើសពី ១០ ពាន់លានដុល្លារ ក្រុមហ៊ុនមានមូលដ្ឋានហិរញ្ញវត្ថុ និងស្ថានភាពដើមទុនដ៏រឹងមាំ គាំទ្រដោយមូលនិធិគ្រប់គ្រាន់ អភិបាលកិច្ចប្រកបដោយស្តង់ដារខ្ពស់ និងការប្តេជ្ញាចិត្តយូរអង្វែង ក្នុងការគាំទ្រការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងបន្តបម្រើតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជនយ៉ាងមានប្រសិទ្ធភាព។

ក្រុមហ៊ុនមានទំនុកចិត្តយ៉ាងមុតមាំលើភាពធន់ និងស្ថិរភាពនៃវិស័យធនាគារនៅកម្ពុជា ក្រោមការដឹកនាំរបស់ ធនាគារជាតិនៃកម្ពុជា។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនសូមលើកទឹកចិត្តសាធារណជនឱ្យពឹងផ្អែកលើប្រភពព័ត៌មានដែលមានភាពច្បាស់លាស់ និងអាចជឿទុកចិត្តបាន ដើម្បីរួមចំណែកថែរក្សាទំនុកចិត្ត និងភាពថ្លៃថ្នូរនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ។

សូមជម្រាបថា ចាប់ផ្តើមពីការបង្កើត ធនាគារកាណាឌីយ៉ា (Canadia Bank) ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ លោកអ្នក​ឧកញ៉ា ពុង ឃាវសែ ​បាន​ខឹតខំប្រឹងប្រែងពង្រឹងប្រព័ន្ធធនាគារនៅកម្ពុជា និងបានភ្ជាប់ទំនាក់ទំនងឱ្យប្រសើរ​វិញ​ទៅកាន់ទីផ្សារក្នុងតំតំបន់ និងអន្តរជាតិ។ ជាមួយនឹងជំនាញ និងបទពិសោធន៍ដ៏ច្រើនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បច្ចុប្បន្នលោកបានអភិវឌ្ឍ​បន្តនូវរចនាសម្ព័ន្ធរបស់ Canadia Group ដោយមាន Canadia Investment Holding​ ដែលជាក្រុមហ៊ុន​បុត្រ​សម្ព័ន្ធហិរញ្ញវត្ថុ និង OCIC ក្រុមហ៊ុនអភិវឌ្ឍលើវិស័យ​​ហេដ្ឋារចនា​សម្ព័ន្ធ អចលនទ្រព្យ​​ សុខាភិបាល និងអប់រំ ដោយផ្តោតសំខាន់លើអតិថិជន និងសហគមន៍ទាំងមូលផងដែរ៕