កូរ៉េខាងជើងបានលុយ​រាប់ពាន់លានដុល្លារ ពីការ​បញ្ជូន​ទ័ព​ទៅ​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

អន្តរជាតិ

កូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថា អាចរកប្រាក់ចំណេញបានរហូតដល់ ១៤.៤ ពាន់លានដុល្លារ ពីការដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការនាំចេញអាវុធទៅកាន់ប្រទេសរុស្ស៊ី។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ koreaherald កាលពីថ្ងៃទី១៦មីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Im Soo-ho អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានយុទ្ធសាស្ត្រ​សន្តិសុខជាតិ (INSS) ក្នុងប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា ប្រសិនបើកូរ៉េខាងជើងប្រមូលប្រាក់ពេញលេញសម្រាប់ការដាក់ពង្រាយកងទ័ព និងការនាំចេញអាវុធរបស់ខ្លួន ផលប៉ះពាល់សេដ្ឋកិច្ចដ៏សំខាន់នៃទណ្ឌកម្ម ដែលជាការកាត់បន្ថយប្រាក់ចំណូលរូបិយប័ណ្ណរឹង ត្រូវបានគេរំពឹងថានឹងត្រូវបានធ្វើឲ្យខូចខាតទាំងស្រុង។

តាមការវិភាគ ទីក្រុងព្យុងយ៉ាងក៏បានបញ្ជូនកងទ័ពទៅដាក់ពង្រាយចំនួន៤ដងចាប់តាំងពីខែតុលា ឆ្នាំ ២០២៤ ដែលពាក់ព័ន្ធនឹងទាហានកូរ៉េខាងជើងជាង ២ម៉ឺននាក់។ សូម្បីតែមុនពេលដាក់ពង្រាយកងទ័ពក៏ដោយ កូរ៉េខាងជើងត្រូវបានគេប្រទះឃើញដឹកជញ្ជូនអាវុធផ្សេងៗទៅកាន់ប្រទេសរុស្ស៊ី តាមរយៈរូបថតផ្កាយរណបផងដែរ។

ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំមុន កូរ៉េខាងជើង ត្រូវគេប៉ាន់ប្រមាណថា អាចរកបានប្រាក់ចំណូលចន្លោះពី ៧,៦៧ពាន់លានដុល្លារ ទៅ ១៤,៤ពាន់លានដុល្លារ ជារូបិយប័ណ្ណរឹង។

ប្រាក់ចំណូលដោយផ្ទាល់ពីការដាក់ពង្រាយកងទ័ព រួមទាំងប្រាក់ឈ្នួលទាហាន និងសំណងមរណភាព ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៦២០លានដុល្លារ។ របាយការណ៍នេះព្យាករទៀតថា កូរ៉េខាងជើងនឹងរកបានប្រាក់ចំណូល ៥៦០លានដុល្លារជារៀងរាល់ឆ្នាំ ពីការដាក់ពង្រាយកងទ័ពតែមួយគត់ ប្រសិនបើស្ថានភាពបច្ចុប្បន្ននៅតែបន្ត។ ប៉ុន្តែសំណងជាក់ស្តែងដែលទីក្រុងព្យុងយ៉ាងបញ្ជាក់ថាទទួលបាន អាចមានប្រហែល ៤ ទៅ ១៩,៦ភាគរយ នៃប្រាក់ចំណូលសរុបដែលបានព្យាករណ៍របស់ខ្លួន៕