ធនាគារពិភពលោក(WB) បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ធនាគារពិភពលោកបានដាក់ចេញនូវអាទិភាពចម្បងក្នុងការផ្តល់ជំនួយដល់បណ្ដាប្រទេសនានា រួមទាំងកម្ពុជា ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ សំដៅផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា។ នេះបើតាមប្រសាសន៍របស់ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក្នុងជំនួបជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្ងៃទី១៧ មីនា ឆ្នាំ២០២៦។

នាឱកាសនោះ អនុប្រធានធនាគារពិភពលោក បានបង្ហាញការគាំទ្រចំពោះគោលដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកបន្តថា នាពេលបច្ចុប្បន្ននេះ ធនាគារពិភពលោកបានដាក់ចេញនូវអាទិភាពចម្បងក្នុងការផ្តល់ជំនួយដល់បណ្ដាប្រទេសនានា រួមទាំងកម្ពុជា ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ ដោយផ្តោតលើវិស័យសក្ដានុពលចំនួន ៥ រួមមាន៖ ១. វិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម ២. វិស័យទេសចរណ៍ ៣. វិស័យកម្មន្តសាល ៤. វិស័យសុខាភិបាល និង ៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងន័យនេះ លោកថា ធនាគារពិភពលោកនឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដែលជាម៉ាស៊ីននៃកំណើនដ៏សំខាន់ ក្នុងការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។
ជាការឆ្លើយតប សម្ដេចធិបតីបានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការគាំទ្រដល់កម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០។
សម្ដេចធិបតីថា ការដាក់ចេញនូវគោលនយោបាយក្នុងការជំរុញនូវវិស័យអាទិភាពជាច្រើនរបស់រដ្ឋាភិបាល សំដៅកសាងភាពធន់របស់កម្ពុជា ដែលក្នុងនោះរួមមាន៖ ការកសាងមូលធនមនុស្ស, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យអប់រំ, វិស័យសុខាភិបាល, និងការពង្រឹងវិស័យហិរញ្ញវត្ថុ, ការទាក់ទាញការវិនិយោគ, ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងការអភិវឌ្ឍសមត្ថភាពផលិតកម្មសម្រាប់បម្រើឱ្យទីផ្សារក្នុងស្រុក ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានទាក់ទាញ។
តាមរយៈជំនួបខាងលើ សម្ដេចធិបតី និងលោក Jaramillo ក៏បានពិភាក្សាបន្ថែមអំពីអាទិភាពសំខាន់ៗក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងបានពិភាក្សាអំពីការអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជា, ការពង្រឹងសមត្ថភាព, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា និងសារៈសំខាន់នៃភាពជាដៃគូរវាងរដ្ឋនិងឯកជន សំដៅចាប់យកកាលានុវត្តភាព និង ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ ហ្សាលីន


