លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា បើទោះបីជាតម្លៃប្រេងលក់រាយឡើងជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែនឹងមិនឡើងដល់តម្លៃ៨ពាន់រៀលដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ ។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា លោក ប៉ែន សុវិជាតិ បានលើកឡើងថា នាពេលបច្ចុប្បន្នតម្លៃសាំងបានហក់ឡើងថ្លៃនៅទូទាំងសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ ប៉ុន្តែប្រជាពលរដ្ឋខ្មែរបានចូលរួមប្រើប្រាស់ដោយសន្សំចៃដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរៀងៗខ្លួន។
លោកបញ្ជាក់ថា ជាមួយនឹងសន្ទុះនៃតម្លៃសាំងឡើងជាហូរហែនេះ តម្លៃសាំង មិនទាន់ឡើងដល់ប៉ុន្មានឆ្នាំមុនដែលឡើងដល់៨០០០ទេ ត្រង់នេះអ្នកនាំពាក្យរូបនេះក៏សូមឱ្យបងប្អូនមេត្តាអធ្យាស្រ័យ ខណៈលោកក៏សូមសរសើរនូវស្មារតីបងប្អូនចូលរួមសន្សំសំចៃ តាមរយៈការប្រើម៉ូតូអាគុយ ឡានអាគុយ ឬកាត់បន្ថយធ្វើដំណើរឆ្ងាយៗដែលមិនចាំបាច់នេះ គឺជារឿងល្អបំផុតនៅក្នុងកាលៈទេសៈដែលយើងជួបការលំបាកបែបនេះ។
គួរឱ្យដឹងថា ពាក់ព័ន្ធការប្រែប្រួលតម្លៃប្រេងសាំងបានហក់ឡើងជាបន្តបន្ទាប់នេះ សូម្បីតម្លៃប្រេងលក់រាយនៅសហរដ្ឋអាម៉េរិកក៏មានតម្លៃមិនខុសកម្ពុជាប៉ុន្មានដែរ ។ នេះបើតាម លោក ប៉ែន សុវិជាតិ ។
អ្នកនាំពាក្យខាងលើកក៏បានសង្កត់ធ្ងន់ដែរថា ដោយសារតម្លៃប្រែប្រួលមិនទៀងទាត់បែបនេះហើយ ទើបបានជាក្រសួងលើកលែងការគណនាពី១០ថ្ងៃមកត្រឹម៣ថ្ងៃវិញ ដើម្បីឱ្យដើរទាន់សភាពការណ៍ ក្រោយផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា៕

