លោក ត្រាំ ថាសហរដ្ឋអាមេរិក មិនចាំបាច់ត្រូវការជំនួយពីនរណាទាំងអស់ ក្នុងជម្លោះជាមួយអ៊ីរ៉ង់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកមិនត្រូវការជំនួយបរទេសណាមួយនៅក្នុងជម្លោះជាមួយអ៊ីរ៉ង់នោះឡើយ ពីព្រោះថាពួកគេបានបំផ្លាញកងកម្លាំងយោធារបស់សម្រូវភាគច្រើនរួចទៅហើយ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយនៅថ្ងៃទី១៧ ខែមីនាកន្លងទៅថា សម្ព័ន្ធមិត្តអង្គការណាតូភាគច្រើនរបស់អាមេរិកបានបង្ហាញថា ពួកគេមិនចង់ចូលរួមនៅក្នុងយុទ្ធនាការប្រឆាំងអ៊ីរ៉ង់នោះឡើយ។ តែទោះជាយ៉ាងណាក ប្រធានាធិបតីរូបនេះ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនក៏ មិនត្រូវការជំនួយដែរ ពីព្រោះខ្លួនបានបំផ្លាញសមត្ថភាពយោធារបស់ទីក្រុងតេអេរ៉ង់ជាច្រើនរួចហើយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

មិនតែប៉ុណ្ណោះ លោក ត្រាំ ហាក់មិនបានសម្តែងការភ្ញាក់ផ្អើលណាមួយចំពោះការឆ្លើយតបពីសមាជិកណាតូនោះទេ ដោយលោកបន្តអះអាងថា ប្រទេសជាសម្ព័ន្ធមិត្តទាំងនោះតែងតែសម្រេចចិត្តដោយឯកតោភាគី ដោយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនចំណាយប្រាក់រាប់រយពាន់លានដុល្លារជារៀងរាល់ឆ្នាំដើម្បីការពារសម្ព័ន្ធភាពទាំងមូល ប៉ុន្តែមិនទទួលបានការគាំទ្រសមស្របនៅពេលដែលត្រូវការនោះទេ។

ជម្រាបជូនផងដែរថា ជុំវិញការលើកឡើងរបស់លោក ត្រាំនេះ បានកើតឡើងបន្ទាប់ពី សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានជំរុញម្តងហើយម្តងទៀតដល់សម្ព័ន្ធមិត្តរបស់ខ្លួនឲ្យបញ្ជូននាវាចម្បាំងដើម្បីអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុន្តែសម្ព័ន្ធមិត្តជាច្រើនរបស់ទីក្រុងវ៉ាស៊ីនតោនបានសម្តែងការសង្ស័យអំពីសំណើនេះ៕​