មេធំ Nvidia ព្យាករថាការលក់បន្ទះឈីបរបស់ក្រុមហ៊ុននឹងកើនឡើងដល់ ១ទ្រីលានដុល្លារនៅឆ្នាំនេះ

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានបង្ហាញការព្យាករថាបច្ចេកវិទ្យា AI នឹងដល់ដំណាក់រីកចម្រើនដ៏ខ្លាំងក្លាបំផុតមួយ ដែលនាំមកនូវការបញ្ជាទិញបន្ទះឈីបដើម្បីដំណើរការដល់បច្ចេកវិទ្យានេះ រហូតដល់ ១ទ្រីលានដុល្លារ នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Huang បានលើកឡើងបែបនេះ អំឡុងពេលនិយាយទៅកាន់ទស្សនិកជនដ៏ច្រើនកុះករនៅទីក្រុង San Jose រដ្ឋ California នៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាមួយ កាលពីថ្ងៃទី១៧ ខែមីនា។ មហាសេដ្ឋីលំដាប់កំពូលអាមេរិករូបនេះ តែងតែបានលះបង់ពេលវេលាភាគច្រើនរបស់ខ្លួន ដើម្បីចូលរួមពិភាក្សាអំពីចក្ខុវិស័យរបស់ក្រុមហ៊ុនសម្រាប់ដឹកនាំផ្លូវក្នុងការផ្ទុះឡើងនៃបញ្ញាសិប្បនិម្មិត (AI)។

មិនតែប៉ុណ្ណោះ លោក Huang បានបង្ហាញក្តីស្រមៃថា ក្រុមហ៊ុន Nvidia នឹងបន្តបំពេញតម្រូវការសម្រាប់បន្ទះឈីបដែលផ្តល់ថាមពលដល់ chatbots ដូចជា ChatGPT របស់ក្រុមហ៊ុន OpenAI និង Gemini របស់ក្រុមហ៊ុន Google ក៏ដូចជាទីផ្សារដែលកំពុងរីកចម្រើនផ្សេងទៀត ផងដែរ។

ជុំវិញការកើនឡើងនេះ លោក Huang បានព្យាករផងដែរថា Nvidia នឹងអាចរកចំណូលបានដល់ ១ទ្រីលានដុល្លារពីការបញ្ជាទិញបន្ទះឈីបរបស់ខ្លួន គិតនៅត្រឹមចុងឆ្នាំ២០២៦។ តួលេខនេះ គឺជាការកើនឡើងទ្វេដងនៃការប៉ាន់ស្មានរបស់លោក ពីឆ្នាំមុន និងជិតប្រាំដងនៃប្រាក់ចំណូលរបស់ក្រុមហ៊ុននៅឆ្នាំ២០២៥។ជម្រាបជូនថា ដោយសារតែក្រុមហ៊ុនដ៏លេចធ្លោនៅក្នុងទីផ្សារបន្ទះឈីប AI , Nvidia បានបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនពី ២៧ពាន់លានដុល្លារនៅឆ្នាំ២០២២ ដល់ ២១៦ពាន់លានដុល្លារកាលពីឆ្នាំមុន។ ការរីកចម្រើនយ៉ាងឆាប់រហ័សនេះបានផ្តល់ឲ្យក្រុមហ៊ុននូវមូលធនទីផ្សារចំនួន ៤,៥ទ្រីលានដុល្លារ៕​