គិតត្រឹមដើមឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ នៅតំបន់សេដ្ឋកិច្ចចំនួន៥ រួមទាំងរោងចក្រសំបកកង់ខ្មែរម៉ាក Sailun

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ បានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ រួមទាំងរោងចក្រផលិតសំបកកង់ខ្មែរម៉ាក Sailun។ នេះបើតាមការបញ្ជាក់របស់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាវិនិយោគកម្ពុជា (CDC) កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងខាងលើ ក្នុងជំនួបពិភាក្សាស្តីពីការលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយនឹងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនវិនិយោគផលិតសំបកកង់រថយន្តទាំង៨ ដែលមានវត្តមាននៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា

លោក ជា វុទ្ធី បានឱ្យដឹងថា ជំនួបពិភាក្សា ធ្វើឡើងដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ព្រមទាំងផ្តោតកិច្ចពិភាក្សាបានផ្តោតលើសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគោលនយោបាយ ដើម្បីបង្កើនការប្រើប្រាស់កៅស៊ូក្នុងស្រុករបស់ឧស្សាហកម្មផលិតសំបកកង់រថយន្តដែលអាចចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង។

បើតាមក្រុមប្រឹក្សាវិនិយោគកម្ពុជា (CDC) បានបញ្ជាក់នៅក្នុងកិច្ចប្រជុំខាងលើ បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដែលបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ នៃព្រះសីហនុ ខេត្តក្រចេះ រួមទាំងរោងចក្រផលិតសំបកកង់ខ្មែរម៉ាក Sailun នៅខេត្តស្វាយរៀង។

សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់ឡាន សៃលុន មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ មកដល់បច្ចុប្បន្ននេះ ទោះបីក្នុងស្ថានភាពលំបាក ជាពិសេស​សង្រ្គាមរវាងខ្មែរ-ថៃ ប្រជាជនខ្មែររឹតតែសម្រុកមកគាំទ្រនូវផលិតផលដ៏ល្អឥតខ្ចោះមួយនេះ ដែលផលិតចេញ​ពីជ័រកៅស៊ូខ្មែរស្ទើរតែ១០០ភាគរយ ដែលដុះលើទឹកដីខ្មែរ រោងចក្រផលិតលើដីខ្មែរ ជួយដល់កសិផលជាតិ ជាផលិតផលជាតិ ជួយគាំទ្រសេដ្ឋកិច្ចជាតិ៕