ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ប្រទេសចិន Jetour បានចាប់ផ្តើមប្រតិបត្តិការដំបូងរបស់ខ្លួន នៅក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅ ដែលជាផ្នែកមួយនៃការពង្រីកទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួរឲ្យដឹងថា Jetour ដែលជាផ្នែកមួយនៃក្រុមហ៊ុនផលិតរថយន្ត Chery បាននិយាយថា ខ្លួនកំពុងធ្វើការសិក្សាជាបន្តបន្ទាប់សម្រាប់ការចាប់ផ្តើមផលិតកម្ម នៅក្នុងប្រទេសប្រេស៊ីល ក្នុងរយៈពេលឆាប់ៗខាងមុខ ប៉ុន្តែមិនទាន់ផ្តល់ពេលវេលាជាក់លាក់ណាមួយ ដែលវានឹងអាចកើតឡើងនោះឡើយ។
យ៉ាងណាមិញ Jetour ត្រូវបានចាត់ទុកថាក្រុមហ៊ុនរថយន្តកំពុងទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតមួយនៅលើពិភពលោក បន្ទាប់ពីបានដើរតាមយុទ្ធសាស្ត្រ Travel+ របស់ខ្លួន ដែលផ្តោតលើរថយន្តប្រភេទ SUV និងត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការបើកបរបែប Off-Road កម្រិតស្រាល។
ជម្រាបជូនថាបច្ចុប្បន្ន ម៉ាកយីហោរថយន្តលំដាប់កំពូលនេះ កំពុងដំណើរការនៅក្នុងប្រទេស និងតំបន់សរុបចំនួន ៩១ ជាមួយនឹងហាងលក់ និងផ្តល់សេវាកម្មជាង ២ ០០០ កន្លែងនៅទូទាំងពិភពលោក៕

