ទីផ្សារហាងកាហ្វេ និងតែ វៀតណាម ហក់ឡើងជាង ១,៣ពាន់លានដុល្លារ ជាប់លេខ៣ នៅអាស៊ីអាគ្នេយ៍

អន្តរជាតិ

យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ទីផ្សារហាងកាហ្វេ និងតែរបស់វៀតណាម មានតម្លៃសរុប ១,៣៤ពាន់លានដុល្ល្លារ គិតនៅត្រឹមឆ្នាំ២០២៥ ដែលជាតម្លៃខ្ពស់បំផុតទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ “ហាងកាហ្វេ និងតែនៅអាស៊ីអាគ្នេយ៍ឆ្នាំ២០២៦” ដែលចេញផ្សាយដោយក្រុមហ៊ុនមូលធនបណ្តាក់ទុន Momentum Works បាននិយាយថា នៅវៀតណាម ទីផ្សារហាងកាហ្វេ មានតម្លៃសរុបប្រមាណ៧២៥លានដុល្លារ ខណៈទីផ្សារហាងតែមានតម្លៃ ៦១៧លានដុល្លារ។

យ៉ាងណាមិញ សម្រាប់ទីផ្សារធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺប្រទេសឥណ្ឌូណេស៊ី ជាមួយតម្លៃសរុប ៣,១៥ពាន់លានដុល្លារ និងប្រទេសថៃ ដែលមានតម្លៃប្រមាណ ២,២៥ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ របាយការណ៍នេះ បានបង្ហាញឲ្យដឹងទៀតថា វៀតណាមគឺជាទីផ្សារដែលមានការរីកចម្រើនលឿនបំផុតទីពីរទាក់ទងនឹងទីផ្សារទាំងពីរ គិតចាប់តាំងពីឆ្នាំ២០២៣ ដោយក្នុងនោះហាងកាហ្វេ កើនឡើង ២៨% និងតែ កើនឡើង ២៧% ។

ជម្រាបជូនថា ហាងកាហ្វេធំជាងគេបំផុត បើគិតតាមចំនួន ក្នុងប្រទេសវៀតណាម គឺ Milano Coffee ដែលមានហាងសរុបប្រហែល ២ ៥០០ កន្លែងទូទាំងប្រទេស ស្របពេល ToCoToCo កាន់កាប់លើផ្នែកតែ ជាមួយនឹងហាងសរុបជិត ១ ០០០ ហាង៕​