ប្រើរយៈពេល៥ឆ្នាំ បំណែកប្រតិមាព្រះឥសូររាំ ដែលបែកបាក់ជាង១ម៉ឺនបំណែក ត្រូវបានជួសជុលផ្គុំរូបរាងឡើងវិញដោយជោគជ័យ

សង្គម​ និង​សេដ្ឋកិច្ច

ក្រោយចំណាយអស់រយៈពេលជាង៥ឆ្នាំ ក្នុងការដំឡើង និងជួសជុលយ៉ាងយកចិត្តទុកដាក់បំផុតនោះ ប្រតិមាព្រះឥសូររាំដ៏ធំស្កឹមស្កៃពីតំបន់បេតិកភណ្ឌពិភពលោកកោះកេរ្ដិ៍ បានបង្ហាញរូបរាងពេញលេញឡើងវិញហើយ បន្ទាប់ពីបានបែកបាក់រាយប៉ាយអស់រយៈពេលរាប់រយឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីភាព ចូលរួមក្នុងពិធីអបអរសាទរការបញ្ចប់ការជួសជុលដោយជោគជ័យនៃប្រតិមាព្រះឥសូររាំដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប។

ប្រតិមាព្រះឥសូរដ៏ធំមួយនេះត្រូវប្រើពេលជួសជុលអស់រយៈពេលជាង ៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា និងមានការគាំទ្រដោយសម្ព័ន្ធភាពបេតិកភណ្ឌ។ នេះជាវត្ថុបុរាណដែលមានកម្ពស់ ៥ម៉ែត្រ មានព្រះភក្ត្រ៥ ព្រះហស្ថ១០ និងទម្ងន់ប្រមាណ ៧តោន។ ប្រិតិមានេះបានរលំបាក់ក្នុងសតវត្សទី១៤ មានសភាពបែកបាក់ចំនួនជាង ១ម៉ឺនបំណែក និងត្រូវបានចោរចូលលួចក្នុងសម័យសង្គ្រាមស៊ីវិល។ បច្ចុប្បន្នប្រតិមានេះត្រូវបានតម្កល់នៅ អភិរក្សស្ថានអង្គរជាបណ្ដោះអាសន្នសិន។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងដោយក្តីសោមនស្ស និងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកជំនាញ នៃសាលាបារាំងចុងបូព៌ា គណៈកម្មាធិការបច្ចេកទេស និងដៃគូសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ ចំពោះការខិតខំស្តារនិងស្រោចស្រង់ផ្គុំរូបរាងប្រតិមាព្រះឥសូរដែលមានអាយុកាលជាងមួយពាន់ឆ្នាំនេះមកល្អឡើងវិញ ។ លោកជំទាវសង្ឃឹមថា រូបបដិមាដ៏ធំ នេះនឹងវិលត្រឡប់ទៅកាន់ទីតាំងដើមនៅប្រាសាទកោះកេរ្តិ៍វិញទុកជាទីសក្ការៈសម្រាប់ការគោរពទៅតាមេជំនឿទំនៀមទំលាប់ពីដូនតាខ្មែរនិងជាការទាក់ទាញលំហូរទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍កាន់តែច្រើនឡើងជាលំដាប់៕