ក្រុមហ៊ុន Gas Malaysia ដែលគាំទ្រដោយក្រុមហ៊ុនមេ MMC Corporation របស់មហាសេដ្ឋីលំដាប់កំពូលម៉ាឡេស៊ី លោក Syed Mokhtar Albukhary ទទួលបានការអនុម័តពីនិយតករសម្រាប់ការសង់សង់រោងចក្រឧស្ម័នធម្មជាតិរាវ (LNG) មួយកន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានតម្លៃសរុបប្រមាណ ៣ពាន់លានរីងហ្គីត ឬស្មើនឹង ៧៦៥លានដុល្លារ។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថា រោងចក្រនេះនឹងស្ថិតនៅតំបន់ឆ្នេរសមុទ្រក្បែរទីក្រុង Yan ក្នុងរដ្ឋ Kedah ភាគពាយ័ព្យ ប្រទេសម៉ាឡេស៊ី។ វាត្រូវបានគេរំពឹងថានឹងអាចកែច្នៃឧស្ម័នបានរហូតដល់ ៦ លានតោនជារៀងរាល់ឆ្នាំ នៅពេលដែលប្រតិបត្តិការដំបូងនឹងចាប់ផ្តើមក្នុងឆ្នាំ២០២៩។
គួរឲ្យដឹងថា បន្ទាប់ពីការអនុម័តនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Gas Malaysia បានកើនឡើងដល់កម្រិតខ្ពស់បំផុត ដល់ ៥,៦៣រីងហ្គីតក្នុងមួយហ៊ុន ដែលនាំឲ្យតម្លៃមូលធនទីផ្សារបស់ខ្លួនកើនឡើងដល់ ៧,១៩ពាន់លានរីងហ្គីត។ដូចដែលបានរាយការណ៍ដោយ The Edge Malaysia។
ជម្រាបជូនថាលោក Syed Mokhtar Albukhary បានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួនក្នុងនាមជាអ្នកជួញដូរអង្ករបន្ទាប់ពីឈប់រៀននៅវិទ្យាល័យ ហើយបានក្លាយជាមហាសេដ្ឋីកំពូលមួយរបស់ម៉ាឡេស៊ីដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៦ពាន់លានដុល្លារ។នេះបើយោងតាម Forbes៕

