អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានប្រកាសនាំចូលរថយន្តដឹកទំនិញអគ្គីសនី វិរៈ ប៊ុនថាំ ចំនួន ៣០០គ្រឿង បន្ថែមទៀត មកកម្ពុជា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូត ក្នុងបរិបទពិភពលោកកំពុងប្រឈមនឹងការខ្វះខាតប្រេង។


នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បានលើកឡើងថា «ប្រើប្រាស់រថយន្តអគ្គីសនី គឺជួយពង្រឹងសេដ្ឋកិច្ចជាតិ។ រថយន្តដឹកទំនិញអគ្គីសនីវិរ:ប៊ុនថាំ ចំនួន ៣០០គ្រឿង បន្ថែមទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូត ក្នុងបរិបទពិភពលោកកំពុងប្រឈមនឹងការខ្វះខាតប្រេង»។
អ្នកឧកញ៉ាបណ្ឌិត រំពឹងថា ការប្រើប្រាស់រថយន្ដអគ្គិសនីដើម្បីដឹកទំនិញនេះ អាចកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជួនរបស់អតិថិជនមករកភាពប្រក្រតីឡើងវិញ ហើយដើម្បីធានាឲ្យបានស្ថេរភាពចំណូលរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្មនៅកម្ពុជា។
អ្នកឧកញ៉ា ស្ថាបនិក វិរៈ ប៊ុនថាំ ក៏បានគូសរំលេចផងដែរថា ក្រុមហ៊ុន វិរៈប៊ុនថាំ គឺជាក្រុមហ៊ុនមុនគេ ឈានមុខគេជានិច្ច ហើយតែងតែនៅជាមួយប្រជាជនកម្ពុជា លើគ្រប់វិស័យ។
សូមជម្រាបជូនថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសចិន វៀតណាម និងប្រទេសឡាវ។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត, សេវាកម្មរថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea ផងដែរ៕




