អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស យល់ឃើញថា អាជីវកម្មស្ថានីយប្រេងឥន្ធនៈ គឺជាប្រភេទអាជីវកម្ម មិនគួរចាប់ផ្តើមវិនិយោគថ្មីនោះទេ ព្រោះរថយន្តអគ្គីសនីនឹងមានសន្ទុះកើនឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំឆាប់ៗខាងមុខនេះ។

តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ាបណ្ឌិត បានលើកឡើងដូច្នេះថា៖ “ស្ថានីយប្រេងឥន្ទនៈជាអាជីវកម្មមិនគួរចាប់ផ្តើមវិនិយោគថ្មី ព្រោះវិស័យឡានអគ្គិសនី នឹងរីកលឿនយ៉ាងយូរ៥ឆ្នាំទៀត ជឿរសិនទៅ”។
ថ្មីៗនេះ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បានប្រកាសដាក់ចេញផែនការអាជីវកម្មចំនួន ១៤ ក្នុងឆ្នាំ២០២៦នេះ ក្នុងនោះរួមទាំង ការពង្រីកស្ថានីយសាករថយន្តអគ្គីសនី វិរៈ ប៊ុនថាំ (VET EV Charging Station) ទូទាំងប្រទេសឱ្យបាន ១០០សាខា។
សូមជម្រាបថា ស្ថានីយសាកឡានអគ្គីសនីវិរ: ប៊ុនថាំ ជាអាជីវកម្មទំនើប ស្របតាមនិន្នាការរថយន្តអគ្គិសនី។ ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា ស្ថានីយសាកឡានអគ្គីសនីវិរ: ប៊ុនថាំ នឹងបំពាក់ដោយសេវាកម្មពេញលេញ រួមមានដូចជា៖ បន្ទប់ទឹកស្អាត និងមានស្តង់ដារ, មីនីម៉ាត និងហាងកាហ្វេ, បច្ចេកវិទ្យាគ្រប់គ្រងស្ថានីយន៏បែបទំនើប, ប្រព័ន្ធបង់ប្រាក់ងាយៗ, ផែនទីស្វែងរកទីតាំងងាយស្រួលទូទាំងប្រទេស, អតិថិជនងាយស្រួលស្វែងរកទីតាំងតាមអេប VET EXPRESS ព្រមទាំងអត្ថប្រយោជន៌ជាច្រើនទៀត៕





