រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញញជូន បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ដើម្បីរួមគ្នារៀបចំគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅកម្ពុជា (3CEP)។កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមាន លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោង នៃក្រសួងសាធារណការ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តសកម្មភាពនានា ក្នុងដំណាក់កាលនៃការរៀបចំគម្រោង 3CEP ជាពិសេសគឺផ្ដោតលើ ១-លទ្ធផលការងារសម្រេចបាន ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV រួមជាមួយបញ្ហាប្រឈម និងសំណូមពរនានា និង ២-ការរៀបចំផែនការសម្រាប់ដំណើរទស្សនកិច្ចសិក្សាលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់ភាគីវៀតណាម ដែលស្ថិតនៅទល់មុខ និងជាគូច្រកទ្វារជាមួយច្រកទ្វារព្រំដែនទាំង ៤ទីតាំង របស់គម្រោង 3CEP ក្នុងទិសដៅពន្លឿនការរៀបចំគម្រោង 3CEP ឱ្យសម្រេចបាននូវការសិក្សាសមិទ្ធិលទ្ធភាព(FS) និងរៀបចំគំនូសប្លង់វិស្វកម្មលម្អិតតាមផែនការគ្រោងទុក។

ក្នុងឱកាសនោះ លោកស្រី នាយកគម្រោងបានលើកទឹកចិត្តដល់ក្រុមការងាររបស់សម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារតាមមុខជំនាញរៀងៗខ្លួន ក្នុងកំឡុងពេល ១៨ខែ នៃការចុះសិក្សា FS និងគូសគំនូសប្លង់ DEDs នេះ ដើម្បីធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលសិក្សាដ៏គ្រប់ជ្រុងជ្រោយ និង ផ្ដល់លទ្ធភាពគ្រប់គ្រាន់ សម្រាប់អនុវត្តការសាងសង់ស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ច្រកទ្វារព្រំដែនអន្តរជាតិពាក់ព័ន្ធរបស់គម្រោង 3CEP ។
សូមបញ្ជាក់ថា៖ គម្រោង 3CEP នេះ នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលត្រូវបានរំពឹងទុកថា សមិទ្ធផលនៃគម្រោងនេះ នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការដឹកញ្ជូនក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ គម្រោងនេះក៏នឹងជំរុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងស្ថានីយនិងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ(CBF) សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិនិងការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ៖ ១-កិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់មេគង្គ(GMS) ២-កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម ៣-ចូលរួមចំណែកអនុវត្តផែនការមេ អភិវឌ្ឍតំបន់ភូមិភាគឦសាន (ប៉ូលសេដ្ឋកិច្ចទី៥ និង ៤-អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលកកម្ពុជាផងដែរ៕
អត្ថបទ៖ហ្សាលីន


