ចិនផ្តល់រង្វាន់ជាង៤០០ដុល្លារ ដល់អ្នកគេងក្នុងព្រៃ ដើម្បីអបអរសាទរទិវាគេងពិភពលោក

អន្តរជាតិ

(ប្រទេសចិន)៖ ដើម្បីអបអរសាទរទិវាគេងពិភពលោក (World Sleep Day) ឧទ្យានជាតិ Dongping ក្នុងសង្កាត់ Chongming នៃទីក្រុងសៀងហៃ បានរៀបចំការប្រកួតដ៏ប្លែកមួយគឺ «ការប្រកួតគេងក្នុងព្រៃ» បានចាប់ផ្តើមកាលពីថ្ងៃ២១ មីនាកន្លងទៅ។ ក្នុងការប្រកួតនេះ បេក្ខជនត្រូវបានតម្រូវឱ្យគេងនៅលើពូកក្នុងបរិយាកាសធម្មជាតិមានខ្យល់អាកាសបរិសុទ្ធ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៧:២០ យប់ ដោយមានឧបករណ៍បច្ចេកទេសតាមដានគុណភាពនៃការគេងយ៉ាងម៉ត់ចត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន China Daily បេក្ខជនមានពិន្ទុគេង បានស្កប់បំផុតនឹងទទួលបានប្រាក់រង្វាន់ ៣,០០០ យ័ន (ប្រហែល ៤៣៥ ដុល្លារ) ចំណែកអ្នកឆាប់គេងលក់ជាងគេនឹងទទួលបាន ២,០០០ យ័ន(ប្រហែល ២៩០ដុល្លារ) ហើយបេក្ខជនផ្សេងទៀតអនុវត្តតាមច្បាប់រហូតដល់ចប់ ក៏នឹងត្រូវបែងចែកប្រាក់រង្វាន់សរុបចំនួន ១០,០០០ យ័ន (ប្រហែលជិត ១៥០០ដុល្លារ)។

កម្មវិធីនេះមានគោលបំណងជួយឱ្យអ្នករស់នៅទីក្រុងបានសម្រាកពីភាពមមាញឹក និង ភាពតានតឹង ដោយទាញយកថាមពលពីធម្មជាតិមកជួយឱ្យរាងកាយ និងស្មារតីមានភាពធូរស្រាល។ លក្ខខណ្ឌនៃការប្រកួតតម្រូវឱ្យបេក្ខជនមានអាយុចន្លោះពី ១៨ ដល់ ៥០ ឆ្នាំ ហើយក្នុងអំឡុងពេលប្រកួត ពួកគេមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទ ញ៉ាំអាហារ (លើកលែងតែទឹក) ជជែកគ្នា ឬក្រោកចេញពីពូកឡើយ បើមិនដូច្នេះទេនឹងត្រូវចាត់ទុកថាចាញ់ការប្រកួតភ្លាមៗ។

គួរបញ្ជាក់ថា ការប្រកួតដ៏ប្លែកនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម និងត្រូវបានរៀបចំលើកោះ Chongming ដែលត្រូវបានគេស្គាល់ថាជាតំបន់ដែលមានគុណភាពខ្យល់ល្អបំផុត និងមានផ្ទៃដីព្រៃឈើធំជាងគេក្នុងទីក្រុងសៀងហៃ ប្រទេសចិន៕