ក្រុមហ៊ុនយក្សអាមេរិក GM គ្រោងបោះលុយវិនិយោគ ៦០០លានដុល្លារនៅក្នុងប្រទេសកូរ៉េខាងត្បូង

អន្តរជាតិ

ក្រុមហ៊ុន General Motors បាននិយាយប្រកាសនៅថ្ងៃទី២៥ ខែមីនាថា ខ្លួនមានគម្រោងវិនិយោគទឹកប្រាក់ ៦០០លានដុល្លារ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើឲ្យប្រសើរឡើងនូវរោងចក្រផលិត និងផលិតផល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាមេរិកនេះ កំពុងបន្ថែមការវិនិយោគ ៣០០លានដុល្លារ ទៅក្នុងផែនការចំណាយ ៣០០លានដុល្លារផ្សេងទៀតដែលបានប្រកាសនៅក្នុងខែធ្នូ។

ក្រុមហ៊ុន GM បាននិយាយទៀតផងដែរថា ការវិនិយោគនេះ នឹងឆ្ពោះទៅរកការធ្វើទំនើបកម្មរោងចក្រចំនួនពីររបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយប្រើប្រាស់ម៉ូដែលម៉ាស៊ីនជំនាន់ចុងក្រោយបំផុត។ មូលនិធិនេះក៏នឹងត្រូវចំណាយលើការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផលិតកម្ម ការកែលម្អគុណភាពផលិតផល និងជំរុញការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាសម្រាប់រថយន្តស្ព័រខ្នាតតូច នៅរោងចក្ររបស់ខ្លួន ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

ជម្រាបជូនថា ក្រុមហ៊ុន GM នៅកូរ៉េ បានលក់រថយន្តចំនួន ៤៦២ ៣១០ គ្រឿង ក្នុងឆ្នាំ ២០២៥ ដែលភាគច្រើនតាមរយៈការនាំចេញទៅកាន់សហរដ្ឋអាមេរិក ពោលគឺបានធ្លាក់ចុះ ៧,៥ភាគរយពីឆ្នាំ២០២៤ ដោយសារតែពន្ធរបស់សហរដ្ឋអាមេរិកលើរថយន្តនាំចូល៕​