ឯកអគ្គរដ្ឋទូត៖ ប្រទេសជាច្រើនទៀតក្នុងសហភាពអឺរ៉ុប មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសជាច្រើនទៀតក្នុងសហភាពអឺរ៉ុប មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើកម្ពុជា ខណៈសហភាពអឺរ៉ុបក៏រង់ចាំឱកាសស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាផងដែរ។នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំកម្ពុជា ថ្ងៃទី២៦ មីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ជាថ្មីនូវជំហររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់បំផុតលើការទទួលស្តាប់នូវរាល់បញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួម ដើម្បីផ្តល់កិច្ចសម្របសម្រួលពេញទំហឹងដល់វិនិយោគិនឯកជន។ឯកឧត្តមថា រដ្ឋាភិបាលកម្ពុជាមិនត្រឹមតែទាក់ទាញវិនិយោគិនថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះការថែទាំគាំទ្រវិនិយោគដែលកំពុងប្រតិបត្តិការផងដែរ។

ក្នុងន័យនេះ ឯកឧត្តមបានលើកឡើងនូវគំនិតផ្ដួចផ្ដើមការរៀបចំ “កម្មវិធីអាហារពេលព្រឹកធុរកិច្ច (Business Breakfast)” ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ក៏ដូចជាសភាពាណិជ្ជកម្មពាណិជ្ជកម្មនៃបណ្តាប្រទេសផ្សេងទៀត នៅកម្ពុជាផងដែរ។ នេះជាយន្តការសន្ទនាផ្ទាល់ និងក្រៅផ្លូវការ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចក្តាប់បាននូវរាល់កង្វល់ ឬបញ្ហាប្រឈមជាក់ស្តែងរបស់ធុរជនអឺរ៉ុប និងផ្តល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ជាការឆ្លើយតប គណៈប្រតិភូសហភាពអឺរ៉ុប បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមផ្តល់កិច្ចសម្របសម្រួល និងសហការរៀបចំបេសកកម្មគោះទ្វាអ្នកវិនិយោគអ៉ឺរ៉ុបនេះ ឱ្យសម្រេចទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា។ ជាមួយគ្នានោះ ឯកឧត្តម បានបញ្ជាក់ថា មានប្រទេសជាច្រើនទៀតក្នុងសហភាពអឺរ៉ុប ដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើកម្ពុជា ហើយកំពុងតាមដានការអភិវឌ្ឍរបស់កម្ពុជាយ៉ាងយកចិត្តទុកដាក់ និងរង់ចាំឱកាសដើម្បីជួបពិភាក្សាដោយផ្ទាល់ជាមួយប្រតិភូកម្ពុជាដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ។

តាមរយៈជំនួបពិភាក្សាខាងលើ ភាគីទាំងពីរបានរំពឹងទុកដូចគ្នាថា តាមរយៈបេសកកម្មគោះទ្វារវិនិយោគ និងយន្តការសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ទំហំពាណិជ្ជកម្មទ្វេភាគី និងរលកនៃទុនវិនិយោគអឺរ៉ុបមកកម្ពុជានឹងមានសន្ទុះកើនឡើង ដែលវានឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែងរបស់ខ្លួន ហើយឆ្លុះបញ្ចាំងឱ្យឃើញពីជំនឿចិត្តរបស់អ្នកវិនិយោគអន្តរជាតិមកលើស្ថិរភាព និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕អត្ថបទ៖ហ្សាលីន