សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដើម្បី ១. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ២. ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងអនុម័តយល់ព្រមសេចក្តីព្រាងសេចក្តីសម្រេចស្តីពី តួនាទី និងភារកិច្ចរបស់គណ:កម្មការនានានៃរដ្ឋសភា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ២. ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានអនុម័តក្នុងសំឡេង១១២ លើ១១២សំឡេង។
រដ្ឋសភាជាតិ បានផ្តល់ខ្លឹមសារលម្អិតថា៖
១) សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សេចក្តីព្រាងច្បាប់នេះ មាន ៥ជំពូក និង ២៤មាត្រា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម តាមរយៈការបង្កើតវិធានព្រហ្មទណ្ឌ ដើម្បីបំពេញចន្លោះខ្វះខាតនៃច្បាប់បច្ចុប្បន្ន ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
២) សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ដោយហេតុថា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបានប្រកាសឱ្យប្រើប្រាស់ កាលពីឆ្នាំ២០០៥ បានកំណត់មណ្ឌលបោះឆ្នោតជាភូមិភាគ ដែលមានខេត្តច្រើនបញ្ចូលគ្នា មានវិសាលភាពដែនដីធំទូលាយ បង្កើតជាឧបសគ្គសម្រាប់ទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ពោលគឺ គណនេយ្យភាព និងប្រសិទ្ធភាពការងាររបស់សមាជិកព្រឹទ្ធសភា នៅមានកម្រិត។
ដោយមើលឃើញនូវបញ្ហាចំពោះមុខ និងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តមុខងារតំណាង បង្កើនគណនេយ្យភាព ព្រមទាំងបង្ខិតសមាជិកព្រឹទ្ធសភាឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងប្រជាពលរដ្ឋនៅមូលដ្ឋាន។
ខ្លឹមសារនៃសេចក្តីស្នើច្បាប់នេះ ត្រូវធ្វើវិសោធនកម្មលើមាត្រា ដូចជា មាត្រា ៨ ថ្មី មាត្រា ៩ មាត្រា ១០ មាត្រា ១៤ មាត្រា ១៧ មាត្រា ១៨ មាត្រា ២៣ និងមាត្រា ២៨ ដើម្បីធានាភាពសមស្រប គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការអនុវត្តមុខងារតំណាងរបស់សមាជិកព្រឹទ្ធសភា៕










