ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ម្ហូបអាហារ ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានចូលរួមរៀបចំពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ (International Food & Drink Event – IFE London 2026) នៅមជ្ឈមណ្ឌលពិព័រណ៍ ExCeL London ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ បានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ ExCeL London ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងមានការដឹកនាំចូលរួមដោយលោក ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម។

ពិធីបើកដំណើរការស្តង់ផលិតផលកម្ពុជា ក៏មានការអញ្ជើញចូលរួមពី លោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ដើម្បីផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់សហគ្រាសកម្ពុជា ក្នុងការនាំចេញផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ មកកាន់ទីផ្សារចក្រភពអង់គ្លេស និងអឺរ៉ុប។

ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ (IFE) គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំបំផុតមួយនៅចក្រភពអង់គ្លេស ដែលត្រូវបានរៀបចំឡើងក្រោមមូលបទ “Feeding the Future” ហើយមានការចូលរួមពីក្រុមហ៊ុនកម្ពុជាចំនួន៣ រួមជាមួយក្រុមហ៊ុនសរុបចំនួន ២០ មកពី ៧ ប្រទេសផ្សេងៗគ្នា។

ក្នុងឱកាសនោះ លោក ទិត សីច័ន្ទលី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបង្ហាញវត្តមានផលិតផលកម្ពុជាលើទីផ្សារអន្តរជាតិ ជាពិសេសផលិតផលដែលមានគុណភាពខ្ពស់ និងមានស្តង់ដាអន្តរជាតិ។ ពិព័រណ៍នេះបានផ្តល់ឱកាសឱ្យក្រុមហ៊ុនកម្ពុជា ក្នុងការសិក្សាអំពីនិន្នាការទីផ្សារ ក៏ដូចជាជួបពិភាក្សាការងារជាមួយអ្នកបញ្ជាទិញសក្ដានុពល ក្នុងចំណោម Trade Visitor ប្រមាណ ២៥,០០០ នាក់ មកពីជាង ៩០ ប្រទេស។

សូមបញ្ជាក់ជូនផងដែរថា ការចូលរួមក្នុងពិព័រណ៍កម្រិតពិភពលោកនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់កិត្យានុភាពផលិតផលខ្មែរ ធ្វើពិពិធកម្មទីផ្សារនាំចេញថ្មីៗ និងជំរុញការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់កម្ពុជាទៅកាន់ទីផ្សារសកលលោកឱ្យកាន់តែទូលំទូលាយ៕អត្ថបទ៖ហ្សាលីន