រដ្ឋលេខាធិការពាណិជ្ជកម្ម ស្នើ WTO ឱ្យពង្រឹងការអនុវត្តយន្តការប្រឆាំងនឹងនិន្នាការគាំពារនិយម ដើម្បីធានាបាននូវបរិយាកាសពាណិជ្ជកម្មប្រកបដោយសមធម៌

សង្គម​ និង​សេដ្ឋកិច្ច

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ឱ្យពង្រឹងការអនុវត្តយន្តការប្រឆាំងនឹងនិន្នាការគាំពារនិយម (Protectionism) ដើម្បីធានាបាននូវបរិយាកាសពាណិជ្ជកម្មប្រកបដោយសមធម៌ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានស្នើបែបនេះ នៅក្នុងកម្មវិធីបើក និងបានផ្តល់នូវបទអន្តរាគមន៍ចំពោះផ្នែក៤ «ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងសមាហរណកម្មក្នុងតំបន់» នៃកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិថ្នាក់រដ្ឋមន្រ្តី សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីកម្មវិធីសកម្មភាពទីក្រុងដូហា (Doha Programme of Action – DPoA) សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច (LDCs) កាលពីថ្ងៃទី៣១ ខែមីនា។

លោក ប៉ែន សុវិជាតិ បានលើកឡើងពីការអនុវត្តប្រកបដោយបុរេសកម្មនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាផែនទីចង្អុលផ្លូវយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ លោកបញ្ជាក់ថា សសរស្តម្ភទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ រួមមាន៖ ការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការអភិវឌ្ឍវិស័យឯកជន និងការងារ, បរិវត្តកម្មឌីជីថល, និងអភិបាលកិច្ចប្រកបដោយចីរភាព គឺឆ្លើយតបដោយផ្ទាល់ទៅនឹងអាទិភាពនៃកម្មវិធីសកម្មភាពទីក្រុងដូហា។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់លើបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលរាំងស្ទះដល់ពាណិជ្ជកម្មរបស់ប្រទេស LDCs រួមមាន ភាពស្មុគស្មាញនៃវិធានដើមកំណើតទំនិញ (ROO) និងរបាំងបច្ចេកទេសពាណិជ្ជកម្ម ជាពិសេសវិធានអនាម័យ និងភូតគាមអនាម័យ (SPS)។ លោករដ្ឋលេខាធិការ បានស្នើឱ្យមានការបង្កើនយន្តការ «ជំនួយសម្រាប់ពាណិជ្ជកម្ម»  ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម និងស្នើដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ឱ្យពង្រឹងការអនុវត្តយន្តការប្រឆាំងនឹងនិន្នាការគាំពារនិយម (Protectionism) ដើម្បីធានាបាននូវបរិយាកាសពាណិជ្ជកម្មប្រកបដោយសមធម៌ ។ ដោយលោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការឈានទៅសម្រេចបាននូវការចាកចេញពីចំណាត់ថ្នាក់ប្រទេសមានការអភិវឌ្ឍតិចតួច ប្រកបដោយភាពរលូន និងប្រកបដោយចីរភាព។

សូមបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យរយៈពេលពីរថ្ងៃកាលពីចុងខែមីនាកន្លងទៅ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់បណ្តាប្រទេស LDCs ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីវាយតម្លៃលើវឌ្ឍនភាព ដោះស្រាយបញ្ហាប្រឈម និងពង្រឹងភាពជាដៃគូ សំដៅធានាឱ្យសម្រេចបាននូវគោលដៅនៃកម្មវិធីសកម្មភាពទីក្រុងដូហា ត្រឹមឆ្នាំ២០៣១៕