គណៈប្រតិភូកម្ពុជា ចូលរួមពិភាក្សាក្នុងវេទិកាដឹកជញ្ជូន និងឡូជីស្ទីកអន្តរជាតិ នៅសហព័ន្ធរុស្ស៊ី

សង្គម​ និង​សេដ្ឋកិច្ច

ប្រតិភូកម្ពុជា បានអញ្ជើញចូលរួមវេទិកាដឹកជញ្ជូន និងឡូជីស្ទីកអន្តរជាតិ នៅទីក្រុងសាំងភីធ័រស្បឺក សហព័ន្ធរុស្ស៊ី ដែលធ្វើឡើចាប់ពីថ្ងៃទី ១-៣ ខែមេសា ឆ្នាំ២០២៦។ វេទិកានេះ ក៏មានការចូលរួមពីរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី ឬតំណាងជាន់ខ្ពស់របស់ប្រទេសប្រមាណ ៥០ អង្គការជាតិ-អន្តរជាតិ និងក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ ជាច្រើនរយទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួមវេទិកាដឹកជញ្ជូន និងឡូជីស្ទីកអន្តរជាតិ។វេទិកា បានលើកយកប្រធានបទពាក់ព័ន្ធនឹងការវិវត្ត និងបញ្ហាប្រឈមក្នុងការធ្វើសមាហរណកម្មដឹកជញ្ជូន ការតភ្ជាប់ និងឡូជីស្ទីកតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន ជាពិសេសការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់នាពេលប្ចុប្បន្ននេះ ដែលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក និងតំបន់។

បន្ថែមពីនេះ វេទិកាក៏បានពិភាក្សាអំពីលទ្ធភាពនៃការកកើត និងសក្តានុពលនៃរបៀងដឹកជញ្ជូន និងឡូជីស្ទីកថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងបានវាយតម្លៃចំពោះសារ:សំខាន់នៃការធ្វើសាមញ្ញកម្មបែបបទ និងនិតិវិធីដឹកជញ្ជូនឆ្លងដែន បច្ចេកវិទ្យា ស្តង់ដារនៃប្រព័ន្ធគមនាគមន៍ ដែលជាកត្តាចាំបាច់ដើម្បីឱ្យប្រព័ន្ធឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់មានប្រសិទ្ធភាព និរន្តភាព និងមានភាពធន់ផងដែរ៕ អត្ថបទ៖ហ្សាលីន