ក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាពរបស់អូស្រ្តាលី មកស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Aspen Medical ជាក្រុមហ៊ុនមួយ ដែលកំពុងដំណើរអាជីវកម្មលើសេវាថែទាំសុខភាពនៃប្រទេសអូស្ត្រាលី បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីមកស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក Glenn Keys AO ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Aspen Medical នៃប្រទេសអូស្ត្រាលី តាមរយៈកិច្ចសម្របសម្រួលរបស់ លោក  Derik Yep ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី កាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

ជំនួបពិភាក្សារបស់ក្រុមហ៊ុន Aspen Medical នាពេលនេះ គឺបន្ទាប់ពីជំនួបលើកទី១នៅក្នុងបេសកកម្មគោះទ្វារវិនិយោគនៅប្រទេសអូស្ត្រាលី កាលពីខែសីហាកន្លងទៅ។

ជំនួបពិភាក្សានេះ បានផ្ដោតសំខាន់លើការស្វែងយល់បន្ថែមពីសក្តានុពលវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Aspen Medical ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផ្តល់សេវាថែទាំសុខភាព ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាលើចំណុចគន្លឹះរួមមាន៖ ១.ការលើកកម្ពស់គុណភាពសេវាសុខាភិបាល តាមរយៈការនាំយកបច្ចេកវិទ្យា និងបទពិសោធន៍គ្រប់គ្រងមន្ទីរពេទ្យកម្រិតអន្តរជាតិមកកាន់កម្ពុជា, ២. ការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយនឹងកិច្ចសហការលើការបណ្តុះបណ្តាលជំនាញឯកទេសដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលកម្ពុជា, និង ៣. ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល តាមរយៈការពិនិត្យលទ្ធភាពក្នុងការវិនិយោគលើផ្នែកណាមួយដើម្បីឆ្លើយតបនឹងតម្រូវការសេវាសុខាភិបាលដែលកំពុងកើនឡើង។

សូមជម្រាបថា តាមរយៈវត្តមានរបស់ក្រុមហ៊ុន Aspen Medical កម្ពុជា រំពឹងថានឹងទទួលបាននូវលទ្ធផលជាវិជ្ជមានជាច្រើនរួមមាន៖ ការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល, ការកាត់បន្ថយគម្លាតសេវាសុខាភិបាល, ការលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវេជ្ជសាស្ត្រកម្រិតខ្ពស់ដល់បុគ្គលិកសុខាភិបាល, និង ការទាក់ទាញវិនិយោគ បរទេសបន្ថែម ឱ្យមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង៕ អត្ថបទ៖ហ្សាលីន