ប្រមុខរាជរដ្ឋាភីបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ បង្កើនការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។

ក្នុងសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៩ ដែលនឹងប្រារព្ធនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ស្ថានការណ៍បច្ចុប្បន្ន រួមទាំងវិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាតានតឹងព្រំដែន បានបង្ហាញច្បាស់ពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
ជាមួយគ្នានេះ សម្តេចក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ការជ្រើសរើសនិងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។

ដោយសម្តេចបញ្ជាក់ដូច្នេះថា៖«យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!»។ សូមបងប្អូនអ្នកផលិតទាំងអស់ បន្តវិនិយោគលើការច្នៃប្រឌិត ការកែលម្អគុណភាព និងការបង្កើតផលិតផលថ្មីៗ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស ការបន្តគាំទ្រគោលនយោបាយនិងអន្តរាគមន៍នានា សំដៅពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគទុន។ ជាពិសេស សូមជូនសារដល់យុវជនខ្មែរទាំងអស់ ត្រូវធ្វើខ្លួន ឱ្យក្លាយជាអ្នកច្នៃប្រឌិតថ្មី អ្នកបង្កើតថ្មី និងជាអ្នកដឹកនាំសេដ្ឋកិច្ចសម័យទំនើប»។
ជាថ្មីម្តងទៀត សម្តេចធិបតី ក៏សូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរ ឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនកាន់តែមានគុណភាព សោភណភាព តម្លៃសមស្រប សម្បូរបែប កាន់តែមានទំនុកចិត្ត ពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិផងដែរ៕ អត្ថបទ៖ហ្សាលីន

