កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីផលប្រយោជន៍រួម និងតំបន់

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នាបន្តអនុវត្តយន្តការដែលមានស្រាប់ និងរិះរកយន្តការថ្មីៗបន្ថែមទៀត ក្នុងគោលដៅបង្កើតផលប្រយោជន៍រួមរវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីបម្រើដល់ផលប្រយោជន៍ស្នូលរបស់ប្រជាជននៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការឯកភាពប្តេជ្ញារវាងភាគីទាំងពីរ ក្នុងជំនួបរវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកែប ជាមួយ លោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

ក្នុងជំនួបដ៏មានអត្ថន័យនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និង ឯកឧត្តម Shaharuddin Bin Onn ក៏បានពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយបន្តជំរុញចំណងមិត្តភាពឱ្យកាន់តែស្អិតល្មួត ជាពិសេសកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋសភានិងរដ្ឋសភា។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ជាតិទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់សុខសន្តិភាព ស្ថិរភាព និងការរីកចម្រើននៃសហគមន៍អាស៊ានទាំងមូលផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ លោក Shaharuddin Bin Onn ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី នឹងឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ដែលនាំមកនូវវិបុលភាពសម្រាប់ប្រជាជាតិទាំងសងខាង៕