ឥណ្ឌា ទិញប្រេងពីអ៊ីរ៉ង់ជាលើកដំបូង ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយ

អន្តរជាតិ

ក្រសួងប្រេងឥណ្ឌា បាននិយាយកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា បានទិញប្រេងពីអ៊ីរ៉ង់ជាលើកដំបូង ក្នុងអំឡុងពេលមានជម្លោះនៅមជ្ឈិមបូព៌ាដែលបានរំខានដល់ការផ្គត់ផ្គង់តាមរយៈច្រកសមុទ្រ Hormuz។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឥណ្ឌា ដែលជាប្រទេសនាំចូល និងប្រើប្រាស់ប្រេងធំជាងគេទីបីរបស់ពិភពលោក មិនបានទិញប្រេងពីទីក្រុងតេអេរ៉ង់សោះឡើយ គិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៩ មក បន្ទាប់ពីមានការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើប្រេងរបស់អ៊ីរ៉ង់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជម្លោះដែលកំពុងបន្តនៅអ៊ីរ៉ង់ បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមក បានធ្វើឲ្យប្រទេសឥណ្ឌា រងផលប៉ះពាល់យ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់ប្រេងរបស់ខ្លួន។

ជុវិញបញ្ហានេះ ក្រសួងប្រេងឥណ្ឌា បាននិយាយនៅលើបណ្តាញសង្គម X ថា ៖”ក្នុងចំណោមការរំខានដល់ការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា បានធានានូវតម្រូវការប្រេងឆៅរបស់ពួកគេពីកន្លែងផ្សេងៗជាច្រើន រួមទាំងពីអ៊ីរ៉ង់ផងដែរ។ ហើយមិនមានឧបសគ្គណាមួយ ក្នុងការទូទាត់សម្រាប់ការនាំចូលប្រេងឆៅពីអ៊ីរ៉ង់នោះទេ”។

ជម្រាបជូនថា កាលពីខែមុន សហរដ្ឋអាមេរិក បានសម្រេចលុបចោលទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេង និងផលិតផលប្រេងចម្រាញ់របស់អ៊ីរ៉ង់ ដើម្បីបន្ធូរបន្ថយកង្វះខាតការផ្គត់ផ្គង់ជាសកល៕​