ក្រុមហ៊ុនផលិតសំបកកង់ឡានខ្មែរម៉ាក សៃលុន (Sailun Tire Cambodia) នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសប្រមូលសំបកកង់ដែលប្រើរួចចំនួន ៥៨គ្រាប់ ដើម្បីជួយធ្វើរបងសាលាដូង ដែលកំពុងជួបការខ្វះខាត។

តាមរយៈទំព័រហ្វេសប៊ុក Sailun Tire Cambodia បានបង្ហោះសារបែបនេះថា៖ “Sailun សុំប្រមូលសំបកកង់ដែលប្រើរួចចំនួន ៥៨ គ្រាប់ យកទៅធ្វើរបងសាលាដូង”។
គួររំឭកថា កាលចុងខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានម៉ាកសៃលុន (Sailun) និងប្រេងរំអិល ប៉េត្រូណាស់ នៅកម្ពុជា បានប្រកាសជួយឧបត្ថម្ភថវិកាប្រមាណ ២០០០ ដុល្លារអាមេរិក និងឧបត្ថម្ភ ៥០០ ដុល្លារអាមេរិកជារៀលរាល់ខែបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សាលាដូង ដែលកំពុងជួបការខ្វះខាត ឱ្យអាចបន្តដំណើរការទៅមុខ។
លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG បានឱ្យដឹងថា ដោយទទួលបានព័ត៌មានកន្លងមកថា សាលាដូង មានការខ្វះខាតក្នុងការទ្រទ្រង់សាលាឱ្យបន្តដំណើរទៅមុខទៀត ក្រុមហ៊ុន PICG ដែលទទួលសិទ្ធិចែកចាយផ្តាច់មុខសំបកកង់ឡានខ្មែរម៉ាក Sailun បានដកយកថវិការដែលបានពី កំលាំងគាំទ្រផលិតផលក្នុងស្រុកមួយនេះ ជូនដល់បងប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ដើម្បីយកទៅធ្វើរបងសាលាចំនួន ២០០០ដុល្លារ និងជួយទ្រទ្រង់ភាពខ្វះខាតរបស់សាលាក្នុងមួយខែ ៥០០ដុល្លារ រយៈពេលមួយឆ្នាំពេញ៕






