ស្ថានភាពសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ កាន់តែអាក្រក់ទៅៗ ក្រោយផ្ទុះជម្លោះជាមួយអាមេរិក និងអ៊ីស្រាអែល

អន្តរជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា អតិផរណានៅក្នុងប្រទេសអ៊ីរ៉ង់ បានឈានដល់ជិត ៥០% មុនពេលជម្លោះផ្ទុះឡើង ហើយឥឡូវនេះស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកាន់តែអាក្រក់ទៅៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសអ៊ីរ៉ង់ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចសង្គមដ៏អាក្រក់បំផុតមួយក្នុងទសវត្សនេះ ដោយកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចំនួនជិតសូន្យ អតិផរណាកើនឡើង អស្ថិរភាពភូមិសាស្ត្រនយោបាយ និងសង្គមកាន់តែកើនឡើង។

យោងតាមការប៉ាន់ស្មានរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងខែមករា បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់ប្រទេសអ៊ីរ៉ង់ត្រូវបានគេព្យាករថានឹងកើនឡើងត្រឹមតែ ០,៣% ប៉ុណ្ណោះនៅឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីឆ្នាំមុនៗ (៣,៧% ក្នុងឆ្នាំ២០២៤ និង ៥,៣% ក្នុងឆ្នាំ២០២៣)។

ទន្ទឹមនឹងនេះ យោងតាមទីភ្នាក់ងារស្ថិតិអ៊ីរ៉ង់ បានបង្ហាញឲ្យដឹងទៀតថា មុនពេលការប្រយុទ្ធគ្នាផ្ទុះឡើង អតិផរណានៅក្នុងប្រទេសអ៊ីរ៉ង់បានឈានដល់ជិត ៥០% នៅក្នុងខែកុម្ភៈ។ ហើយបន្ទាប់ពីជម្លោះជាងប្រាំសប្តាហ៍ បញ្ហាសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ ក្រៅពីការភ័យខ្លាចនៃការវាយប្រហារប្រចាំថ្ងៃ ផលប៉ះពាល់ដែលអាចមើលឃើញបំផុតនៃការប្រយុទ្ធគ្នានេះ គឺជាការកើនឡើងនៃតម្លៃទំនិញថ្មី រាប់ចាប់ពីទំនិញសំខាន់ៗដូចជាអាហារ ភេសជ្ជៈ ថ្នាំពេទ្យ និងកន្ទបទារក រហូតដល់អាហារថ្ងៃត្រង់នៅតាមភោជនីយដ្ឋានលំដាប់ខ្ពស់ នៅក្នុងទីក្រុង។

ដោយសារតម្លៃទំនិញកើនឡើង បានដាក់សម្ពាធបន្ថែមទៀតលើថវិកាគ្រួសារ មនុស្សជាច្រើនក៏បានបាត់បង់ការងាររបស់ពួកគេផងដែរ។ សង្គ្រាមបានបង្ខំឱ្យអាជីវកម្មជាច្រើនបិទទ្វារ ដែលធ្វើឱ្យកម្មករស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ និងមិនប្រាកដថាតើពួកគេនឹងទទួលបានប្រាក់ឈ្នួលឬអត់នោះឡើយ។

ជម្រាបជូនថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមបើកការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសអ៊ិរ៉ង់ នៅចុងខែកុម្ភៈ ដោយបានធ្វើឲ្យបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសរោងចក្រសហគ្រាសធំៗ និងធ្វើឲ្យបាត់បង់ជិវិតមនុស្សអស់រាប់រយនាក់ផងដែរ៕​