ប្រាក់ចំណូលបានពីប្រេង និងឧស្ម័នរបស់រុស្ស៊ីកើនឡើងដល់ទ្វេដង

អន្តរជាតិ

យោងតាមសារព័ត៌មាន ​​Reuters បានបង្ហាញឲ្យដឹងនៅពេលថ្មីៗនេះថា វិបត្តិផ្គត់ផ្គង់ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ាបានជួយបង្កើនប្រាក់ចំណូលប្រេង និងឧស្ម័នរបស់រុស្ស៊ីទ្វេដង នៅក្នុងខែមេសា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយផ្អែកលើស្ថិតិផ្លូវការ និងប្រភពឧស្សាហកម្មស្តីពីការផលិត ការចម្រាញ់ និងការផ្គត់ផ្គង់ Reuters បានគណនាថាចំណូលប្រេង និងឧស្ម័នរបស់រុស្ស៊ីក្នុងខែមេសា បានកើនឡើងទ្វេដងបើប្រៀបធៀបទៅនឹងខែមីនា ពីចំនួន ៣២៧ពាន់លានរូបល ដល់ ៧០០ពាន់លានរូបល(៩ពាន់លានដុល្លារ)។

គួរឲ្យដឹងថា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ចំណូលនេះបានកើនឡើង ១០%។ ក្នុងនាមជាប្រទេសនាំចេញប្រេងធំជាងគេទីពីររបស់ពិភពលោក ប្រេងរបស់រុស្ស៊ីមានតម្រូវការខ្ពស់ គិតចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងកាលពីប្រាំមួយសប្តាហ៍មុន។

ជម្រាបជូនផងដែរថា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់តាំងពីចុងខែកុម្ភៈ អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនសម្រាប់ប្រេង និងឧស្ម័នប្រហែល ២០% របស់ពិភពលោក និងបណ្តាលឱ្យតម្លៃប្រេងឆៅ Brent កើនឡើង លើសពី ១០០ដុល្លារក្នុងមួយបារ៉ែល៕​