កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងឱ្យកាន់តែស៊ីជម្រៅថែមទៀត

ព័ត៌មានថ្មីៗ

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យគ្រប់ជ្រុងជ្រោយ និងកាន់តែស៊ីជម្រៅ ពិសេសរិះរកយន្តការជាក់ស្តែងថ្មីៗ ដើម្បីផលប្រយោជន៍ជាអតិបរមាជូនប្រជាជននៃប្រទេសទាំងពីរបន្ថែមទៀត។នេះបើយោងតាមជំនួបទ្វេភាគីរវាង សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយលោក ត្រឹន កឹមទូ (Trần Cẩm Tú) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាស្វែងរកយន្តការជាក់ស្តែងរួមថ្មីៗ ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យសម្រេចបានដល់ ២០ពាន់លានដុល្លារ នាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ និងកម្មវិធីរួមគ្នា ដើម្បីអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ដែលនឹងឈានចូលមកដល់ក្នុងឆ្នាំ២០២៧ ខាងមុខនេះផងដែរ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានចាក់ឫសយ៉ាងជ្រៅ និងមានភាពធន់ ដោយតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូល ខណៈសម្តេចក៏អបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម ដែលទើបបញ្ចប់កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ។ សម្តេចបន្តថា ក្រោមមគ្គទេសក៍ដឹកនាំរបស់ លោក តូ ឡាំ (Tô Lâm) វៀតណាមនឹងមានសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លា ឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនកា្លយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ ខាងមុខ។

ជាការឆ្លើយតប លោក ត្រឹន កឹមទូ បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តនាំប្រទេស និងប្រជាជនកម្ពុជាឆ្ពោះទៅរកការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ លោកបានស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វិនិយោគ ទេសចរណ៍ និងការធានាសន្តិសុខតាមព្រំដែន។

តាមរយៈជំនួបនោះ ភាគីទាំងពីរ នឹងបន្តចែករំលែកបទពិសោធន៍លើការងារនីតិកម្ម ការងារកែទម្រង់ស្ថាប័ន និងការធ្វើទំនើបកម្មទៅជាសភាឌីជីថល ដើម្បីបម្រើផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់សុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕អត្ថបទ៖ហ្សាលីន