ប៉ាគីស្ថាន បានដាក់កងកម្លាំងដើម្បីបិទផ្លូវចូលទៅកាន់បរិវេណសណ្ឋាគារ Serena ទាំងអស់ ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងរង្វង់ ៣ គីឡូម៉ែត្រ ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចចរចាកំពូលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

វិធានការសន្តិសុខពិសេសមុនកិច្ចចរចាដ៏សំខាន់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដនេះ បានប្រែក្លាយរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថាន ទៅជាតំបន់បិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុត។ ក្នុងនោះអាជ្ញាធរ បានដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លា ដើម្បីបិទផ្លូវទាំងអស់ពីសណ្ឋាគារ រហូតដល់មូលដ្ឋានទ័ពអាកាស Nur Khan។
គួរឲ្យដឹងថា សណ្ឋាគារ Serena ដែលមានទីតាំងនៅជាប់ក្រសួងការបរទេសក្នុងតំបន់ដែលមានសន្តិសុខកម្រិតខ្ពស់នៃរដ្ឋធានីអ៊ីស្លាម៉ាបាដ ត្រូវបានគេរាយការណ៍ថាជាកន្លែងស្នាក់នៅសម្រាប់គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ពួកគេសម្រាប់ការចរចា។ សណ្ឋាគារបានប្រកាសថាភ្ញៀវទាំងអស់ត្រូវចាកចេញមុនថ្ងៃទី៨ ខែមេសា ពីតំបន់នេះត្រូវបានកក់ទុកសម្រាប់ព្រឹត្តិការណ៍សំខាន់មួយ។
ជម្រាបជូនថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរសប្តាហ៍ នៅថ្ងៃទី៨ ខែមេសា ក្រោមការសម្របសម្រួលដោយប៉ាគីស្ថាន ដើម្បីសម្រួលដល់ការចរចា។ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ម្នាក់ បាននិយាយថា កិច្ចចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ អាចមានរយៈពេលរហូតដល់ ១៥ថ្ងៃ។ ក្នុងនោះដែរ រដ្ឋាភិបាលប៉ាគីស្ថាន នៅតែរក្សាការសម្ងាត់ ដោយមិនបានបញ្ជាក់ទីតាំងពិតប្រាកដនៃកិច្ចចរចានោះឡើយ៕

