មន្ត្រីសហភាពអឺរ៉ុប (EU) កំពុងសិក្សាពីលទ្ធភាពនៃការយកពន្ធលើប្រាក់ចំណេញមិនធម្មតារបស់ក្រុមហ៊ុនថាមពលជាច្រើន ខណៈពេលដែលតម្លៃប្រេងបានកើនឡើងខ្ពស់ដោយសារតែជម្លោះមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងលិខិតមួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសអេស្ប៉ាញ អូទ្រីស អាល្លឺម៉ង់ អ៊ីតាលី និងព័រទុយហ្គាល់ បានជំរុញឲ្យថ្នាក់ដឹកនាមសហភាពអឺរ៉ុប ស្វែងរកមធ្យោបាយដើម្បីបន្ធូរបន្ថយបន្ទុកលើអ្នកប្រើប្រាស់។
លោក Valdis Dombrovskis ស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច ក៏បានបញ្ជាក់ទៅកាន់មេដឹកនាំអឺរ៉ុបផងដែរថា ពួកគេកំពុងពិចារណាដាក់ពន្ធលើប្រាក់ចំណេញមិនធម្មតារបស់ក្រុមហ៊ុនថាមពល ដើម្បីចៀសវាងមិនឲ្យក្រុមហ៊ុនទាំងនោះដំឡើងថ្លៃហួសហេតុពេក។
លោក Valdis បានមានប្រសាសន៍ទៀតថា ៖”ជាគោលការណ៍ គ្មានអ្វីរារាំងរដ្ឋជាសមាជិកពីការអនុវត្តពន្ធនេះទេ ព្រោះការប្រមូលដោយផ្ទាល់ភាគច្រើនស្ថិតនៅក្រោមច្បាប់របស់ប្រទេសនីមួយៗ។ យើងកំពុងពិចារណាថាតើវិធីសាស្រ្តសម្របសម្រួលបន្ថែមទៀតណាមខ្លះ ដែលអាចត្រូវបានណែនាំនៅកម្រិតអឺរ៉ុបដែរឬទេ។ បញ្ហានេះនៅតែត្រូវបានវាយតម្លៃ”។
ជម្រាបជូនថា នៅឆ្នាំ២០២២ អឺរ៉ុបបានអនុវត្តពន្ធបន្ទាន់ស្រដៀងគ្នានេះ ដើម្បីដោះស្រាយការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ពន្ធនេះត្រូវបានអនុវត្តចំពោះក្រុមហ៊ុនប្រេង និងឧស្ម័នដែលធ្វើប្រតិបត្តិការ និងបង្កើតប្រាក់ចំណេញនៅក្នុងទីផ្សារសហភាពអឺរ៉ុប៕

