សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានសម្រេចផ្អាកការដាក់ទណ្ឌកម្មមួយចំនួនលើក្រុមហ៊ុនប្រេងរបស់រុស្ស៊ី ជាមួយនឹងការពង្រីកអាជ្ញាប័ណ្ណសម្រាប់ស្ថានីយប្រេងឥន្ធន:របស់ក្រុមហ៊ុន Lukoil ដែលស្ថិតនៅខាងក្រៅប្រទេសរុស្ស៊ី ដើម្បីបន្តដំណើរការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃទី៤ ខែធ្នូថា ការសម្រេចចិត្តពង្រីកអាជ្ញាប័ណ្ណរហូតដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ គឺមានគោលបំណងកាត់បន្ថយគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ដែលកំពុងស្វែងរកការធ្វើប្រតិបត្តិការធម្មតា ជាមួយស្ថានីយប្រេងឥន្ធនៈលក់រាយដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនប្រេងខ្នាតយក្សរបស់រុស្ស៊ី Lukoil។
ជុំវិញការផ្អាកទណ្ឌកម្មនេះ អនុញ្ញាតឲ្យស្ថានីយប្រេងឥន្ធនៈដែលមានម៉ាកយីហោ Lukoil នៅក្នុងបណ្តាប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក បន្តបម្រើអតិថិជនធម្មតា ប៉ុន្តែត្រូវបានរារាំងលំហូរសាច់ប្រាក់មិនឲ្យចូលទៅក្នុងប្រទេសរុស្ស៊ីវិញឡើយ។
គួរឲ្យដឹងថា ការសម្រេចចិត្តរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកនេះ មានន័យថា ការផ្អាកផ្នែកខ្លះនៃទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន Lukoil ដែលាត្រូវបានប្រកាសដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ។
ជម្រាបជូនថា កាលពីខែតុលា លោក ត្រាំ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងធំជាងគេទាំងពីររបស់រុស្ស៊ីគឺ Rosneft និង Lukoil ដោយបង្កកទ្រព្យសម្បត្តិទាំងអស់របស់ពួកគេនៅសហរដ្ឋអាមេរិក និងហាមឃាត់ក្រុមហ៊ុនអាមេរិកទាំងអស់មិនឲ្យធ្វើអាជីវកម្មជាមួយពួកគេឡើង។ ទណ្ឌកម្មដែលបានចូលជាធរមាននៅថ្ងៃទី២១ ខែវិច្ឆិកា បានធ្វើឲ្យអ្នកទិញប្រេងរុស្ស៊ីធំៗត្រូវប្រឹងប្រែងស្វែងរកអ្នកផ្គត់ផ្គង់ជំនួសវិញ៕

