សហរដ្ឋអាមេរិក នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈអាមេរិក ក៏គ្រោងផ្តល់ហិរញ្ញប្បទានប្រមាណ ៣០ លានដុល្លារ ដើម្បីគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាផងដែរ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល លើអនុស្សារណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងចែករំលែកទិន្នន័យ ដែលផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
សេចក្តីប្រកាស បានឱ្យដឹងថា កាលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦, តំណាងរាជរដ្ឋាភិបាលកម្ពុជា លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (Memorandum of Understanding) ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល និងកិច្ចព្រមព្រៀងស្តីពីការចែករំលែកទិន្នន័យ (Data Sharing Agreement) ជាមួយ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ។
អនុស្សារណៈនៃការយោគយល់គ្នានេះ បានបង្កើតនូវក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី ក្នុងវិស័យសុខាភិបាល, រួមចំណែកក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាជន ។ តាមរយៈ អនុស្សរណៈនៃការយោគយល់គ្នានេះ សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការ គាំទ្រដល់កម្មវិធីអាទិភាព សន្តិសុខសុខភាពសកល សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ រួមមាន ជំងឺអេដស៍, ជំងឺរបេង និងជំងឺគ្រុនចាញ់ ។ បន្ថែមពីលើនេះ កិច្ចព្រមព្រៀងចែករំលែកទិន្នន័យ បានបង្កើតនូវលក្ខខណ្ឌ ដើម្បីធានាថាទិន្នន័យសុខាភិបាលដែលត្រូវបានប្រមូល និងចែករំលែកក្រោមកិច្ចព្រមព្រៀងនឹងត្រូវបានគ្រប់គ្រង ដើម្បីធានាឯកជនភាព និងសុវត្ថិភាពទិន្នន័យ ។
គោលបំណងសំខាន់នៃអនុស្សារណៈនៃការយោគយល់គ្នា គឺដើម្បីពង្រឹងបន្ថែមនូវការតាមដាន និងការឆ្លើយតប ទៅនឹងការរីករាលដាលនៃជំងឺឆ្លង, បណ្តាញមន្ទីរពិសោធន៍ និងប្រព័ន្ធទិន្នន័យ ។ អនុស្សារណៈនៃការយោគយល់គ្នានេះ ក៏បានរួមបញ្ចូលការពង្រឹងប្រព័ន្ធជាតិ និងសមត្ថភាពស្ថាប័នដែលស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។ កិច្ចខិតខំ ប្រឹងប្រែងរួមគ្នានេះ នឹងរួមចំណែកដល់ការសម្រេចឱ្យបាននូវគោលដៅរបស់កម្ពុជា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់, ការបញ្ចប់ការគំរាមកំហែងដល់សុខភាពសាធារណៈដែលបង្កឡើងដោយជំងឺអេដស៍, ការកាត់បន្ថយអត្រាឈឺ និងអត្រា មរណៈដោយសារជំងឺរបេង ព្រមទាំងការធានាឱ្យបាននូវការរកឃើញ និងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺ ។ ក្នុងរយៈពេល ៥ឆ្នាំ រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ការគាំទ្រក្នុងទំហំហិរញ្ញប្បទានប្រមាណ ៣០ លានដុល្លារ អាមេរិក និងចូលរួមដោយបដិភាគរាជរដ្ឋាភិបាលកម្ពុជា ចំនួនប្រមាណ ៥ លានដុល្លារអាមេរិក ផងដែរ ។ ការណ៍នេះឆ្លុះ បញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពង្រឹងសមត្ថភាពកម្ពុជាដើម្បីសម្រេចបាន វិស័យសុខាភិបាលដែលប្រកបដោយចីរភាព ។
អនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សានូវផលប្រយោជន៍រួមលើវិស័យ សុខាភិបាល និងការការពារសុខុមាលភាពរបស់ប្រជាជន ដោយគាំទ្រដល់គោលដៅរយៈពេលវែងក្នុងការកសាង ប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងចីរភាពក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ហ្សាលីន



