ឯកឧត្ដម វង្សី វិស្សុត៖ ដើម្បីបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលវែង កម្ពុជាត្រូវប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ក្នុងរយៈពេលវែង ដើម្បីបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ច កម្ពុជាត្រូវប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចពីពឹងផ្អែកលើកម្លាំងពលកម្មនិងការប្រើប្រាស់ទុន ទៅពឹងផ្អែកលើការកើនឡើងនៃផលិតភាពការងារ និងផលិតភាពសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក «ការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣» ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» កាលពីល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់អ្នកផលិតក្នុងស្រុក ដោយឯកឧត្ដមថា ភាពមានកម្រិតនៃការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងផលិតកម្ម គឺជាបញ្ហាប្រឈមសំខាន់មួយសម្រាប់អ្នកនាំចេញ និងសេដ្ឋកិច្ចជាតិតែម្តង។ ប៉ុន្តែការណ៍នេះក៏អាចត្រូវបានចាត់ទុកជាឱកាសសម្រាប់អ្នកផលិតក្នុងស្រុក និងប្រជាជនដើម្បីបំពេញនូវចន្លោះនិងគម្លាតទាំងនោះ ដែលនឹងចូលរួមបង្កើនតម្លៃបន្ថែម តម្លៃសេដ្ឋកិច្ច ការងារ និងប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ច និងជាពិសេសប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បន្ថែមថា អ្នកផលិតតែឯងមិនអាចដោះស្រាយបញ្ហាប្រឈមនេះបានទេ បើសិនជាមិនមានការចូលរួមពីអ្នកប្រើប្រាស់ អ្នកផ្តល់សេវាគាំទ្រផលិតកម្ម អ្នកផ្តល់ហិរញ្ញប្បទាន និងស្ថាប័នរដ្ឋ។

ដូចនេះ យើងត្រូវរួមគ្នាធ្វើកិច្ចការដ៏សំខាន់នេះ ដើម្បីលើកកម្ពស់ការផលិត និងដើម្បីបង្កើនធាតុចូលក្នុងស្រុកទៅក្នុងផលិតផលនានាឱ្យបានច្រើន ហើយជាពិសេសការផ្សារភ្ជាប់ទៅកាន់ក្រុមហ៊ុនបរទេស ដែលមានទីផ្សារ និងអេកូឡូស៊ីល្អស្រាប់ ដែលនឹងបង្កើនតម្លៃបន្ថែម តម្លៃសេដ្ឋកិច្ច ការងារ ប្រាក់ចំណូល ទៅកាន់សេដ្ឋកិច្ច និងជាពិសេសសម្រាប់ប្រជាជនកម្ពុជា។ នេះគឺ ជាកត្តាធ្វើឱ្យកម្ពុជាអាចរឹងខ្លួនឯងបាន បន្តអភិវឌ្ឍដោយខ្លួនឯងបាន និងអាចឈរជើងយូរបានលើឆាកអន្តរជាតិ ដែលជាតម្រូវការ និងជាភាពចាំបាច់របស់ប្រជាជននេះ និងរបស់ជាតិនេះ។

ជាមួយគ្នានេះ ក្នុងរយៈពេលវែង ដើម្បីបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ច កម្ពុជាត្រូវប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចពីពឹងផ្អែកលើកម្លាំងពលកម្មនិងការប្រើប្រាស់ទុន ទៅពឹងផ្អែកលើការកើនឡើងនៃផលិតភាពការងារ និងផលិតភាពសេដ្ឋកិច្ច ដោយសារលំហនៃកម្លាំងពលកម្មនិងការប្រើប្រាស់ទុនកាន់តែតូចទៅៗ ហើយសេដ្ឋកិច្ចយើងក៏ពុំទាន់ទាញយកប្រយោជន៍ពេញលេញពីការកើនឡើងនៃផលិតភាពផងដែរ៕