៣ថ្ងៃ ចូលឆ្នាំ! ខេត្តស្វាយរៀង ទាក់ទាញពលរដ្ឋ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្ត ប្រមាណជាង៤០ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត បានទាក់ទាញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ ៤០៧ ៩៦៩នាក់ ដោយបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី១៧ ខែមេសានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លៀតក្នុងឱកាសនោះ រដ្ឋបាលខេត្តស្វាយរៀង ក៏ថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃនេះ ដែលធ្វើឲ្យពិធីនេះប្រព្រឹត្តទៅកាន់តែមានភាពអធិកអធមក្រៃលែង ។

ទន្ទឹមនេះ រដ្ឋបាលខេត្តក៏សូមសម្ដែងនូវការអរគុណ និងថ្លែងនូវការកោតសរសើរជូនចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងស្វាយរៀង ក្រុមហ៊ុនវឌ្ឍនៈ ជាពិសេសក្រុមការងារយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសហការរៀបចំ រក្សាការពារនូវសន្តិសុខ សុវត្ថិភាព និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ បង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើឲ្យកម្មវិធីទាំងមូលដំណើរការទៅបានដោយរលូន ប្រកបដោយភាពជោគជ័យ តាំងពីដើមរហូតដល់ចុងបញ្ចប់៕