ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយគំរាមថា សហរដ្ឋអាមេរិក នឹងបំផ្លាញស្ពាន និងរោងចក្រថាមពលទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើពួកគេមិនព្រមទទួលយកកិច្ចព្រមព្រៀងរបស់ទីក្រុងវ៉ាស៊ីនតោនទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ៖” យើងកំពុងផ្តល់ជូននូវកិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងសមហេតុផលមួយ។ ខ្ញុំសង្ឃឹមថាពួកគេទទួលយកវា បើមិនដូច្នោះទេ សហរដ្ឋអាមេរិកនឹងបំផ្លាញស្ពាន និងរោងចក្រថាមពលទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់។ យើងឈប់លេងសើចទៀតហើយ។ អ៊ីរ៉ង់នឹងដួលរលំយ៉ាងឆាប់រហ័ស និងងាយស្រួលបំផុត”។
ទន្ទឹមនឹងនេះ ដោយនិយាយសំដៅលើការប្រកាសរបស់អ៊ីរ៉ង់ជុំវិញការបិទច្រកសមុទ្រ Hormuz ឡើងវិញ លោកប្រធានាធិបអាមេរិក បានលើកឡើងថា នេះមិនមែនជារឿងចម្លែកទេ ព្រោះយើងបានបិទខ្ទប់វារួចទៅហើយ។ ក្នុងនោះដែរ លោក ត្រាំ ថែមទាំងបានចោទប្រកាន់អ៊ីរ៉ង់ ថាបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក ដោយការបាញ់ប្រហារលើនាវារបស់បារាំង និងអង់គ្លេស។
ជម្រាបជូនផងដែរថា កាលពីថ្ងៃទី១៧ ខែមេសា អ៊ីរ៉ង់បានប្រកាសបើកច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីស្វាគមន៍បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ប៉ុន្តែក្រោយមកបានបន្តបិទផ្លូវទឹករបស់ខ្លួនវិញ នៅត្រឹមតែមួយថ្ងៃក្រោយប៉ុណ្ណោះ ដើម្បីសងសឹកចំពោះប្រតិបត្តិការដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបិទខ្ទប់ច្រកដ៏សំខាន់នេះ៕

