ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពិធីបើកកម្មវិធី «សភាត្រាប់» នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានចែករំលែកនូវអនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីតម្រង់ទិសបេក្ខជន បេក្ខនារី ឱ្យក្លាយជាអ្នកដឹកនាំបន្តវេនប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិ។

ថ្លែងទៅកាន់ក្រុមយុវជននាឱកាសនោះ លោកស្រីលើកឡើងថា ភាពជាអ្នកដឹកនាំពិតប្រាកដ មិនមែនស្ថិតលើត្រឹមតែវោហារសាស្ត្រ ឬការនិយាយតែមួយមុខនោះទេ ប៉ុន្តែគឺជាសមត្ថភាពនៃការធ្វើសេចក្តីសម្រេចចិត្តដែលប៉ះពាល់ដល់វាសនា និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ លោកស្រីក៏បានលើកទឹកចិត្តឱ្យយុវជនទាំងអស់ ប្រើប្រាស់វេទិកាសភាត្រាប់នេះ ដើម្បីស្វែងយល់ឱ្យបានល្អិតល្អន់នូវតួនាទី និងរចនាសម្ព័ន្ធរដ្ឋសភា តាមរយៈការត្រងត្រាប់ស្តាប់ ការកត់ត្រា និងការសួរសំណួរដោយគ្មានភាពអៀនខ្មាស ដើម្បីកសាងមូលដ្ឋានគ្រឹះនៃចំណេះដឹង និងភាពជាអ្នកដឹកនាំតាំងពីវ័យក្មេង។

ជាមួយគ្នានេះ លោកស្រី បានរំលឹកដល់បេក្ខជនទាំងអស់ ឱ្យតាំងខ្លួនជាសមាជិកសភាដែលតំណាងឱ្យម្ចាស់ឆ្នោតពិតប្រាកដ ដោយត្រូវចេះថ្លឹងថ្លែងបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយសមស្រប ឬដំណោះស្រាយ «ឈ្នះ-ឈ្នះ» សម្រាប់សង្គមជាតិ។ បន្ថែមលើនេះ លោកស្រីក៏បានជំរុញឱ្យយុវជន ក្លាយជាបុរសឈានមុខក្នុងការលើកកម្ពស់ «សមភាពយេនឌ័រ» តាមរយៈការផ្តល់តម្លៃ និងការគោរពគ្នាទៅវិញទៅមកក្នុងនាមជាដៃគូការងារដ៏ល្អ។ លោកស្រី សង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់កម្មវិធីនេះ យុវជននឹងនាំយកបទពិសោធន៍ទៅចែករំលែកបន្តដល់មិត្តភក្តិ ដើម្បីជំរុញទឹកចិត្តពួកគេឱ្យហ៊ានបង្កើតក្តីសុបិនចង់ក្លាយជាអ្នកដឹកនាំបម្រើជាតិនៅថ្ងៃអនាគត។

ទន្ទឹមនឹងនេះ លោកស្រី ឡោក ខេង បានក្រើនរំលឹកថា សាលប្រជុំសភាគឺជាកន្លែងដែលទាមទារនូវស្មារតីទទួលខុសត្រូវខ្ពស់បំផុត ព្រោះរាល់ការសម្រេចចិត្តសុទ្ធតែពាក់ព័ន្ធនឹងជីវិតពិតរបស់ប្រជាជន កសិករ កម្មករ និងសហគមន៍ទាំងមូល។ ភាពជាអ្នកដឹកនាំពិតប្រាកដ គឺការស្តាប់ដោយបញ្ញា មានសេចក្តីក្លាហានការពារអ្វីដែលត្រឹមត្រូវ និងចេះសម្របខ្លួនដើម្បីផលប្រយោជន៍រួម។ ជាមួយគ្នានេះ យុវជនគួរបន្តតាមដាននូវរាល់សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ទាំងក្នុងអាណត្តិមុន និងអាណត្តិបច្ចុប្បន្ន ដើម្បីទុកជាគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ឧត្តមប្រយោជន៍ជាតិ។
សូមបញ្ជាក់ថា កម្មវិធី «សភាត្រាប់» គឺជាគំនិតផ្តួចផ្តើមរបស់គណៈកម្មការទី៨ និងក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ដែលជាគម្រោងបន្តពីយុទ្ធនាការក្មេងស្រីឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំ (#Girls2Leader) ដែលលោកស្រី ឡោក ខេង ធ្លាប់បានជាប់ឈ្មោះជាឯកអគ្គរាជទូតនៃវេទិកាអ្នកនយោបាយស្ត្រីតំណាងព្រះរាជាណាចក្រកម្ពុជា ដែលមានទីស្នាក់ការនៅទីក្រុងប្រ៊ុចស៊ែល ប្រទេសបែលហ្សិក។ កម្មវិធីនេះ ក៏ជាកម្មវិធីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋសភា ដែលផ្តល់ឱកាសឱ្យយុវជនជំនាន់ក្រោយបានអនុវត្តជាក់ស្តែងត្រាប់តាមយន្តការសភា និងរាជរដ្ឋាភិបាលផ្ទាល់នៅវិមានរដ្ឋសភា។


