ក្រុមហ៊ុនសែលកាត អ្នកឧកញ៉ា គិត ម៉េង វិនិយោគទឹកប្រាក់ជិត ៥.៥ពាន់លានដុល្លារ ក្នុងរយៈពេល ៣០ឆ្នាំ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនសែលកាត (Cellcard) របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ១០០% និងជា​ប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងឈរយ៉ាងមុតមាំ ក្រោមការដឹកនាំ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដោយរួមគ្នាឆ្ពោះទៅរកចក្ខុវិស័យ​របស់​កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានភាពឯករាជ្យឌីជីថល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ​ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក. ដែលស្គាល់ជាទូទៅថា ក្រុមហ៊ុន​សែលកាត បានវិនិយោគទឹកប្រាក់ជិត ៥.៥ពាន់លានដុល្លារក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ដើម្បីអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ក្នុងប្រទេសកម្ពុជា ក្នុងនោះ ១.១ពាន់លានដុល្លារ ជាការវិនិយោគលើមូលធន (CAPEX) និង០.៧ ពាន់លានដុល្លារ ជាទឹកប្រាក់សម្រាប់បង់កាតព្វកិច្ចតាមច្បាប់ ជូនរាជរដ្ឋាភិបាលកម្ពុជា។

ការវិនិយោគនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏រឹងមាំ និងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាសការងារ​ដោយផ្ទាល់ និងប្រយោល ការលើកកម្ពស់ ការវិនិយោគនៅកម្ពុជា និងពង្រីកការតភ្ជាប់សម្រាប់ប្រជាជនកម្ពុជា។

ក្នុងឆ្នាំ ២០២៦នេះ ក្រុមហ៊ុនសែលកាត គាំទ្រយ៉ាងពេញទំហឹង និងដើរស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាល​កម្ពុជា ជំរុញការផ្លាស់ប្ដូរឌីជីថលតាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថល​ទូទាំង​ប្រទេស ការលើក កម្ពស់ការតភ្ជាប់ឱ្យកាន់តែទូលំទូលាយនិងការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា «ការបន្តវិនិយោគ​របស់​ក្រុមហ៊ុនសែលកាត ឆ្លុះបញ្ចាំងពីទំនុក​ចិត្តយ៉ាងរឹងមាំចំពោះអនាគតរបស់កម្ពុជា។ រួមជាមួយដៃគូ យើងកំពុង​កសាង មូលដ្ឋានគ្រឹះឌីជីថលដ៏រឹងមាំមួយ ដែលគាំទ្រដល់កំណើនប្រកបដោយចីរភាព ទាក់ទាញការវិនិយោគ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងមូល»។ ​

សូមជម្រាបថា ចាប់ដំណើរការក្នុងឆ្នាំ១៩៩៦ ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ ដ៏ធំមួយ​ដែលបាន​ចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងមានអតិថិជនជាង៤ លាននាក់។ ក្នុងខណៈពេល​ដែលកម្ពុជាកំពុង​បោះជំហាន ទៅកាន់ទំព័រសករាជថ្មី 5G ក្រុមហ៊ុនសែលកាតកំពុងជំរុញការវិវត្តបច្ចេកវិទ្យា ថ្មីៗ ដោយផ្តល់ជូនការភ្ជាប់​ទំនាក់ទំនង​កាន់តែរហ័ស គួរឱ្យទុកចិត្ត និងត្រៀម ខ្លួនជាស្រេចក្នុងការអភិវឌ្ឍវិស័យឌីជីថល នាពេលអនាគត​សម្រាប់ប្រទេសកម្ពុជា៕