រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រកាសថា ប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលធំៗចំនួន ៣

សង្គម​ និង​សេដ្ឋកិច្ច

«ប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលធំៗចំនួនបី៖ គ្មានការស្លាប់ដោយសារជំងឺគ្រុនចាញ់ គ្មានភាពស៊ាំថ្នាំគ្រុនចាញ់ គ្មានជំងឺគ្រុនចាញ់គ្រប់ប្រភេទចាប់ពីចុងឆ្នាំ២០២៥។នេះបើយោងតាមប្រសាសន៍របស់លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ«ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ» នៅទី២២ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ លោករដ្ឋមន្រ្តី បានលើកឡើងពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការកាត់បន្ថយជំងឺឆ្លង តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិ និងការពង្រឹងប្រព័ន្ធសុខាភិបាល។ ជោគជ័យនេះ កើតចេញពីការវិនិយោគរបស់រាជរដ្ឋាភិបាល ការអនុវត្តយុទ្ធសាស្ត្រ «សុខភាពតែមួយ» ដែលផ្សារភ្ជាប់រវាងសុខភាពមនុស្ស សត្វ និងបរិស្ថាន ព្រមទាំងបានមកពីការចូលរួមយ៉ាងសកម្មរបស់យើងទាំងអស់គ្នា ធ្វើឱ្យសហគមន៍ មានការយល់ដឹង និងការពារការចម្លងជំងឺ និងការមកទទួលយកសេវាសុខភាពបានទាន់ពេលវេលា។

សូមរំលេចដែរថា ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាកំពុងអវត្តមានករណីជំងឺឆ្លងថ្មីក្នុងប្រទេសចាប់តាំងពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នឆ្នាំ២០២៦ និងជាប្រទេសទី១ក្នុងមហាអនុតំបន់ទន្លេមេគង្គដែលបានសម្រេចគោលដៅតាមផែនការគ្រោងទុកមុនគេតាមកាលកំណត់ជាក់លាក់ដោយគ្មានការផ្លាស់ប្តូរផែនការពេលវេលា។ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ សម្រេចបាននូវផលិតភាពសមិទ្ធផលផែនការយុទ្ធសាស្រ្ត ទាំង ៣គោលដៅ រួមមាន៖ ១). បញ្ចប់ភាពស៊ាំថ្នាំអាតេមីស៊ីនីនសម្លាប់មេរោគគ្រុនចាញ់នៅឆ្នាំ២០១៥ តាមផែនការ, ២). បញ្ចប់មិនឱ្យមានស្លាប់ដោយគ្រុនចាញ់នៅឆ្នាំ២០១៨ មុនផែនការ៣ឆ្នាំ ព្រមទាំងបញ្ចប់លែងឱ្យមានគ្រុនចាញ់សន្ធំប្រភេទហ្វាល់ស៊ីប៉ារ៉ូមត្រឹមដំណាច់ឆ្នាំ២០២៤, និង ទី៣) ករណីជំងឺគ្រុនចាញ់ឆ្លងក្នុងប្រទេសបានធ្លាក់ចុះមកដល់សូន្យករណី ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៥តាមផែនការ៕អត្ថបទ៖ហ្សាលីន