នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ២៥.៧៩០ បណ្ណ ជូនដល់ប្រជាពលរដ្ឋ ២១ ភូមិ ក្នុងស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានគូសបញ្ជាក់ថា ការប្រគល់បណ្ណកម្មសិទ្ធិនេះ ជាការអនុវត្តគោលនយោបាយដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានាសុវត្ថិភាពកាន់កាប់ដីធ្លី កាត់បន្ថយជម្លោះ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងប្តេជ្ញាយ៉ាងមុតមាំថា ក្រសួងនឹងខិតខំបញ្ចប់ការងារចុះបញ្ជី និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានរួចរាល់ជាស្ថាពរក្នុងអាណត្តិនេះ ដើម្បីប្រែក្លាយដីធ្លីឱ្យទៅជាទ្រព្យសម្បត្តិស្របច្បាប់រឹងមាំ តកូនតចៅ បង្កើតប្រាក់ចំណូល និងបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ជាទ្រព្យសកម្ម។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យអាជ្ញាធរខេត្តរៀបចំដែនដី និងកំណត់តំបន់អភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ ដោយទាញយកសក្តានុពលកសិកម្ម និងការចិញ្ចឹមសត្វរបស់ខេត្តកំពង់ឆ្នាំង មកអភិវឌ្ឍជា «តំបន់ប្រើប្រាស់ច្រើនយ៉ាង» ដើម្បីបង្កើតមុខរបរ និងពង្រឹងស្ថិរភាពជីវភាពជូនប្រជាពលរដ្ឋប្រកបដោយចីរភាព៕






