ឧបនាយករដ្ឋមន្ដ្រី ស សុខា ព្រមានបណ្ដេញមន្ដ្រីក្រសួងមហាផ្ទៃទាំង៣ប្រភេទចេញពីក្របខ័ណ្ឌ បើផឹកស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌ក្នុងសង្គម

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងចាត់វិធានការក្ដៅដោយបណ្ដេញមន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណាដែលផឹកស៊ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌នៅក្នុងសង្គម ដោយមិនទាន់បូកបញ្ចូលការទទួលខុសត្រូវផ្នែកច្បាប់ផ្សេងៗទៀតនោះឡើយ។ គោលការណ៍នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការឱ្យដឹងពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្ថែមថា វិធានការបណ្ដេញចេញពីក្របខ័ណ្ឌនេះ គឺអនុវត្តចំពោះមន្ត្រីទាំង ៣ ប្រភេទចំណុះក្រសួងមហាផ្ទៃ រួមមាន៖ មន្ដ្រីនគរបាលជាតិ មន្ដ្រីរដ្ឋបាលស៊ីវិល និងមន្ដ្រីពន្ធនាគារ។

អ្នកនាំពាក្យរងរូបនេះបានសង្កត់ធ្ងន់ថា «ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ មន្ដ្រីទាំង៣ប្រភេទដែលមាន រដ្ឋបាលស៊ីវិល នគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ដែលទទួលទានគ្រឿងស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ នឹងប្រឈមការបណ្ដេញចេញពីក្របខ័ណ្ឌ។ នេះមិនទាន់គិតដល់ការទទួលខុសត្រូវផ្សេងៗនៅឡើយទេ។ ហើយដូចគ្នា មន្ដ្រីទាំង៣ប្រភេទនេះ បើសិនជាទទួលទានគ្រឿងស្រវឹង ហើយទៅរករឿងអ្នកដទៃ ទៅបង្កភាពអសីលធម៌ក្នុងសង្គមតាមទីសាធារណៈនានា គឺការប្រឈមមុខការបណ្ដេញចេញពីក្របខ័ណ្ឌដូចគ្នា ដោយមិនទាន់គិតពីការទទួលខុសត្រូវផ្សេងផងដែរ»៕