លោក ត្រាំ បង្ហើបថាកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ អាចធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃទៀត

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងថាកិច្ចចរចាជុំទីពីររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទំនងនឹងធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងរយៈពេល ៣៦-៧២ម៉ោងខាងមុខ បន្ទាប់ពីលោកបានបន្តបទឈប់បាញ់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលើកឡើងរបស់លោក ត្រាំ បែបបនេះ​ ត្រូវបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍មួយនៅក្នុងប្រទេសប៉ាគីស្ថាន ដែលបាននិយាយថា កិច្ចចរចាសន្តិភាពជុំបន្ទាប់រវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ ទំនងជាងនឹងត្រូវធ្វើឡើងឆាប់ៗនេះហើយ។

ប្រភពព័ត៌មាននៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ បង្ហាញឲ្យទៀតថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាមួយទីក្រុងតេអេរ៉ង់កំពុងបង្ហាញសញ្ញាវិជ្ជមាន ដែលបើកលទ្ធភាពនៃការបន្តកិច្ចសន្ទនា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈបើតាមប្រភពមួយបាននិយាយថា បទឈប់បាញ់នៅតែមានសុពលភាព ទោះបីជាមានសេចក្តីថ្លែងការណ៍ផ្ទុយគ្នារវាងភាគីទាំងពីរក៏ដោយ។

ទន្ទឹមនឹងនេះ​ ប្រធានាធិបតីអាមេរិក លោក ត្រាំ ចង់កំណត់ពេលវេលាសមស្របមួយដើម្បីសិក្សាពីការបង្រួបបង្រួម និងបន្តកិច្ចខិតខំប្រឹងប្រែងការទូតជាមួយអ៊ីរ៉ង់ឡើងវិញ ខណៈដំបូងឡើយ ទីក្រុងវ៉ាស៊ីនតោនមិនចង់ពង្រីកបទឈប់បាញ់ដោយគ្មានពេលកំណត់ ហើយក៏មិនចង់ឲ្យការចរចាត្រូវអូសបន្លាយផងដែរ។

ដោយឡែក មេដឹកនាំអ៊ីរ៉ង់មិនទាន់បានប្រកាសនៅឡើយទេថា តើពួកគេនឹងបន្តបទឈប់បាញ់ ឬជ្រើសរើសការឆ្លើយតបផ្សេង។ ដោយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយនៅថ្ងៃទី២២ ខែមេសាថា ប្រទេសនេះតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួនពីការគំរាមកំហែងណាមួយ ប៉ុន្តែក៏នឹងនៅតែព្យាយាមស្វែងរកមធ្យោបាយការទូត និងផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនផងដែរ៕​