យោងតាមកាសែត New York Times បានរាយការណ៍ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅកន្លែងជាច្រើនលើរាងកាយ ប៉ុន្តែលោក នៅតែអាចត្រួតពិនិត្យកិច្ចការងារបាន។

កាសែត New York Times បានដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ដែលមិនបញ្ចេញឈ្មោះថា ជើងម្ខាងរបស់លោក Mojtaba បានវះកាត់បីលើក ហើយគាត់កំពុងរង់ចាំដាក់ជើងសិប្បនិម្មិតជំនួស ខណៈដៃម្ខាងរបស់លោកក៏ត្រូវបានវះកាត់ផងដែរ ហើយកំពុងជាសះស្បើយឡើងវិញបន្តិចម្តងៗ ស្របពេលមុខរបស់លោកវិញ បានរងការរលាកយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យពិបាកនិយាយ ហើយកំពុងរង់ចាំការវះកាត់កែសម្ភស្សជាថ្មី។
ក្រុមមន្ត្រីដដែលនោះបាននិយាយទៀតថា លោក Mojtaba Khamenei បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់រូបនេះ នៅតែដឹងខ្លួន ហើយកំពុងត្រួតពិនិត្យកិច្ចការងារផ្សេងៗ។
ជម្រាបជូនថា ដោយសារហេតុផលសន្តិសុខ ការចូលទៅជួបមេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះត្រូវបានរឹតត្បិតយ៉ាងតឹងរ៉ឹង ហើយលោកគ្រាន់តែបង្ហាញការណែនាំតាមរយៈសារដែលសរសេរដោយដៃប៉ុណ្ណោះ។ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC ក៏មិនត្រូវបានអនុញ្ញាតឱ្យចូលទៅជួបដែរ ប៉ុន្តែប្រធានាធិបតី លោក Masoud Pezeshkian ដែលជាគ្រូពេទ្យវះកាត់បេះដូងផងនោះ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការថែទាំលោក Mojtaba ៕

